បច្ចុប្បន្ននេះ ខេត្តព្រះសីហនុប្រមូលផ្តុំដោយវិនិយោគិនចិនភាគច្រើនលើសលប់កំពុងតែមានសកម្មភាពអភិវឌ្ឍន៍លើគម្រោងវិនិយោគធំៗជាច្រើន ដែលជំរុញឲ្យខេត្តមួយនេះនឹងមានសក្តានុពលឈានឡើង។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីពេលកន្លងទៅថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុគិតចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ មានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបោះទុនវិនិយោគ អភិវឌ្ឍន៍ខេត្តព្រះសីហនុជាពិសេសក្រុមហ៊ុនធំៗមកពីប្រទេសចិន។
លោកបានថ្លែងទៀតថា មូលហេតុបានជាវិនិយោគិនចិនភាគច្រើនចាប់អារម្មណ៍លើខេត្តព្រះសីហនុគឺមានកត្តាជាច្រើន ដូចជា កត្តាស្ថេរភាពនយោបាយ កត្តាសន្តិសុខល្អ និងការធានាសុវត្ថិភាពល្អដល់អ្នកវិនិយោគ ។
សម្រាប់ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងថា វិស័យសំណង់នៅកម្ពុជាបើគិតចាប់តាំងពីឆ្នាំ២០១៧និងឆ្នាំ២០១៨ មានការរីកចម្រើនខ្លាំងទាំងនៅជនបទនិងទីក្រុង ហើយអ្វីដែលសំខាន់នោះមូលដ្ឋានគ្រឹះធំគឺកត្តាសេដ្ឋកិច្ចនិងស្ថេរភាពនយោបាយល្អក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាំឲ្យមានគម្រោងថ្មីៗនៅឆ្នាំ២០១៨ កន្លងទៅនេះបានលេចជារូបរាងឡើងជាបន្តបន្ទាប់។
លោកឧកញ៉ាបន្តទៀតថា បច្ចុប្បន្ននេះនៅក្រុងព្រះសីហនុវិញមានការរីកចម្រើនខ្លាំងជិតប្រហែលនិងនៅរាជធានីភ្នំពេញផ្នែកវិស័យសំណង់និងអគារខ្ពស់ក៏កំពុងតែរីកដុះដាលដោយមានការវិនិយោគពីក្រុមហ៊ុនចិនកាន់តែច្រើនផងដែរ។
យោងតាមរបាយការណ៍ពីខេត្តព្រះសីហនុឆ្នាំ២០១៧ និងឆ្នាំ២០១៨កន្លងទៅបានបង្ហាញថា ខេត្តព្រះសីហនុទទួលបានគម្រោងសាងសង់មានចំនូនសរុបចំនួន ១៨៨ គម្រោង ជាមួយនិងទុនវិនិយោគប្រមាណ ៧៥លានដុល្លារអាមេរិកកើនឡើង២៥%ធៀបនិងមុន៕