ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំសួលនៃភាពតានតឹងកំពុងញាំញីអ៊ុយក្រែន ខណៈអូតង់លោកខាងលិច និងរុស្ស៊ីដំឡើង​សាច់ដុំយោធាដាក់គ្នា

បរទេស៖ ភាពតានតឹងខ្លាំងជុំវិញសកម្មភាពយោធាក៏ដូចជាការដាក់ពង្រាយកងកម្លាំងជាង ១សែននាក់របស់រុស្ស៊ី នៅជិតព្រំដែនប្រទេសអ៊ុយក្រែនធ្វើឲ្យក្ដីបារម្ភចេះតែកើនឡើងជារៀងរាល់ថ្ងៃ ទាំងនៅក្នុងប្រទេសអ៊ុយក្រែនខ្លួនឯងទាំងប្រទេសលោកខាងលិចពិសេសសហរដ្ឋអាមេរិក ។
ទាំងរុស្ស៊ីទាំងអ៊ុយក្រែននិងសម្ព័ន្ធមិត្តបានបង្កើនសកម្មភាពយោធារៀងៗខ្លួនតាមរយៈសមយុទ្ធ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសរុស្ស៊ី និងបេឡារុស្សបានចាប់ផ្ដើមហ្គេមសង្រ្គាមទ្រង់ទ្រាយធំនៅទឹកដីបេឡារុស្សរយៈពេល១០ថ្ងៃ ខណៈដែលលោកខាងលិចព្រួយបារម្ភកាន់តែខ្លាំង និងនៅតែបន្តព្រមានរុស្ស៊ី ចំពោះសកម្មភាពយោធារបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន ដែលអាចឈានដល់ការផ្ទុះសង្រ្គាម ។
រុស្ស៊ីបានបន្តបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងច្រើនរួមទាំងយុទ្ធោបករណ៍ផងដែរទៅកាន់ប្រទេសបេឡារុស្ស គឺជាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរួមមានទាំងការដាក់ពង្រាយរថក្រោះ កាំភ្លើងធំ និងយន្តហោះចម្បាំងទំនើបៗ ។
ចំណែកកងកម្លាំងអ៊ុយក្រែនវិញក៏បានធ្វើសមយុទ្ធផងដែរនៅតំបន់ភាគខាងកើតដូនបាស់កាលពីថ្ងៃព្រហស្បតិ៍។រថពាសដែកកងទ័ពជើងគោករបស់ប្រទេសអ៊ុយក្រែនបានហ្វឹកហាត់ក្នុងការបាញ់ប្រយុទ្ធដើម្បីត្រៀមខ្លួនទប់ទល់ទៅនឹងការគំរាមរបស់ប្រទេសរុស្ស៊ី ។
ទាហានអ៊ុយក្រែនបាននិយាយថា ពួកគេនឹងវាយបកវិញប្រសិនបើរុស្ស៊ីសម្រេចឈ្លានពានអ៊ុយក្រែន ។កាលពីសប្ដាហ៍មុនកម្លាំងអ៊ុយក្រែនបានបង្កើនសកម្មភាពហ្វឹកហាត់ជាច្រើនជាការត្រៀមសម្រាប់ការទប់ទល់ការវាយប្រហារណាមួយនៅជិត ខ្សែត្រៀម ជាប់ជាមួយប្រទេសបេឡារុស្ស ។
ដោយឡែក អង្គការអូតង់នៅតែបន្តធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចគ្នាទាំងនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រអាឌ្រៀទិក ស្របពេលភាពតានតឹងនៅក្នុងអឺរ៉ុបខាងកើនកញ្ជ្រោលឡើងខ្លាំងដោយសារការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន ។
ខណៈនោះដែរ កងទ័ពសហរដ្ឋអាមេរិកបន្ថែមចំនួន១ពាន់នាក់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេស រ៉ូម៉ានីជាផ្នែកមួយនៃការឆ្លើយតបរបស់អង្គការអូតង់។កងទ័ពមកពីកងវរៈសេនាធំទ័ពសេះលេខ២ត្រូវបានដាក់ពង្រាយពីតំបន់វីលសេក ប្រទេសអាល្លឺម៉ង់និងបានឆ្លងកាត់តាមព្រំដែនភាគខាងលិច ប្រទេសរ៉ូម៉ានី ក្នុងតំបន់ អារ៉ាដ ។
ប្រធានាធិបតីរ៉ូម៉ានីលោកKlaus Iohannisបានចុះពិនិត្យក្រុមកងទ័ពពហុជាតិនៅភាគអាគ្នេយ៏ក្នុងទីក្រុងក្រៃអូវ៉ា និងបាននិយាយថាការគំរាមផ្នែកសន្តិសុខនាពេលបច្ចុប្បន្ន ត្រូវបានគាំទ្រដោយវិធានការរបស់អូតង់ ។
រុស្ស៊ីបាននិយាយរួចហើយថា ខ្លួនគ្មានផែនការឈ្លានពានប្រទេសអ៊ុយក្រែនទេ ប៉ុន្តែចង់ឱ្យលោកខាងលិចមិនត្រូវអនុញ្ញាតឲ្យអ៊ុយក្រែន និងប្រទេសអតីតសហភាពសូវៀតផ្សេងទៀត ចូលជាមាជិកអូតង់នោះទេ។រុស្សីចង់ឱ្យអូតង់ កុំដាក់ពង្រាយសព្វាវុធនៅទីនោះហើយរំកិលកងកម្លាំងសម្ព័ន្ធមិត្តចេញពីអឺរ៉ុបខាងកើត ប៉ុន្តែសហរដ្ឋអាមេរិក និងអូតង់បានបដិសេធទាំងស្រុងនូវការទាមទារទាំងនេះ ៕