ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា និងជប៉ុន បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ។

លោក Takashi YAMASHITA បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញ នៅថ្ងៃទី២៥ មីនានេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ។

លោក អ៊ិត សំហេង បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការនៅជប៉ុនប្រមាណ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការី មានប្រមាណជិត៧ពាន់នាក់។ តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន ជាពិសេសសម្រេចឲ្យបាន នូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោ ប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ “ពលករជំនាញ១” និង “ពលករជំនាញ២”។ ច្បាប់នេះនឹងចាប់ផ្តេីមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល។

ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង ២ ប្រភេទ ពីប្រទេសចំនួន៨ រួមមាន ៖ កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូង។ ក្នុងនោះ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ រួមមាន៖ ផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន៕