ភ្នំពេញ៖ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយ លោក សាឡឺមសៃ ឃុំម៉ាសុីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចហេីយ នៅវិមានសន្តិភាពកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តជួបជាមួយឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។
លោក វីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។
លោក វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួនហើយអត្រាស្លាប់ក៏មានទាបជាងគេដែរនេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័។
អ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះឯកឧត្តម វីវៀនបានគោរពជម្រាបជូន សម្ដេចតេជោថា សិង្ហបុរី បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ។
សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក វីវៀន ដែលបានសម្ដែងនូវការអបអរជូនចំពោះសម្ដេច និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តម នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរីដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ។
ជាមួយគ្នានេះផងដែរសម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការជំរុញការវិនិយោគមកកម្ពុជាកាន់តែច្រើនជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។
ក្នុងជំនួបនេះ សម្ដេចតេជោក៏បានជម្រាបជូនវីវៀនដែរអំពីគោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទី១)គឺធ្វើយ៉ាងណាកាត់បន្ថយឬលុបបំបាត់អំពើហិង្សាតាមរយៈការឈប់បាញ់គ្នាទី២)រកវិធីផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣) គឺបង្កើតនូវការសន្ទនា ។