ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទវិភាគ៖តើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

បរទេស៖ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកJoe Bidenថាមានគ្រប់សុចនាករទាំងអស់ដែលថារុស្ស៊ីកំពុងរៀបផែនការចូលឈ្លានពានអ៊ុយក្រែន រួមទាំងសញ្ញានានាដែលបញ្ជាក់ថាទីក្រុង Moscow កំពុងអនុវត្តន៍ប្រតិបត្តិការព្យាយាមទម្លាក់កំហុសឲ្យគេ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែននិងក្រុមឧទ្ទាមគាំទ្រដោយទីក្រុងMoscowបានផ្ទុះអាវុធដាក់គ្នានោះអាចបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកពិតជាចង់ឲ្យរុស្ស៊ីចិត្តស្រាលរួចឈ្លានពានអ៊ុយក្រែនជាហេតុធ្វើឲ្យមានការចោទសួរថាតើតើការញុះញង់របស់អាមេរិកអាចជំរុញឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនពិតប្រាកដឬ?

លោក Bidenបានព្រមានថា ការឈ្លានពានណាមួយនឹងអាចកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។បច្ចុប្បន្នកុំថាឡើយលោក Biden សូម្បីតែលោកខាងលិចអង្គការអូតង់សុទ្ធតែគិតក្នុងចិត្តថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដដោយសារតែការទាមទាររបស់រុស្ស៊ីទាំង៣ចំណុចធំៗ គឺលោកខាងលិចនិងអូតង់មិនព្រមនោះទេ ដែលការទាមទារទាំងអស់នោះ រួមមានការរក្សាអ៊ុយក្រែនឲ្យនៅក្រៅអូតង់ក៏ដូចជាអតីតរដ្ឋសហភាពសូវៀតផ្សេងទៀតរំកិលកងកម្លាំងអូតង់ដឹកនាំដែលអាមេរិកចេញពីអឺរ៉ុបខាងកើត ដែលជាតំបន់ក្តៅជាមួយរុស្ស៊ីហើយនិងធានាសន្តិសុខជូនរុស្ស៊ី ។

ចំណុចទាំងនេះហើយដែលពួកគេនៅតែជឿជាក់ថាថ្ងៃណាមួយនឹងធ្វើឲ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ ។
ទាហានអ៊ុយក្រែន និងក្រុមឧទ្ទាមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើតស្រុកLuhansk កំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការបង្កឲ្យមានការវាយប្រយុទ្ធគ្នារីកកាន់តែធំបន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថាក្រុងMoscowកំពុងព្យាយាមបង្កើតឈុតឆាក ជាលេសឈ្លានពានអ៊ុយក្រែន។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីមេបញ្ជាការកងទ័ពអ៊ុយក្រែន បានចោទប្រកាន់ថា កងកម្លាំងគាំទ្ររុស្ស៊ីបានបាញ់កាំភ្លើងធំធុនធ្ងន់ទៅលើស្រុក Stanytsia-Luhanska។
ចំណែកឯប្រមុខការទូតអាមេរិកលោក Antony Blinken បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា មីស៊ីល និងគ្រាប់បែកជាច្រើនគ្រាប់ បានទម្លាក់ទូទាំងអ៊ុយក្រែនប្រព័ន្ធទំនាក់ទំនងផ្សេងៗនឹងត្រូវជាប់គាំង ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យានានា នឹងត្រូវបិទស្ថាប័ននានារបស់អ៊ុយក្រែន តែការលើកឡើងរបស់លោក Blinken ត្រូវបានទីក្រុង Moscowច្រានចោលទាំងស្រុង ហើយនិងចាត់ទុកថាជាការញុះញង់មួយធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្តៅខ្លាំង ។

ពាក់ព័ន្ធនឹងភាពតានតឹងនេះដែរទីក្រុង Moscow បានបណ្តេញមន្ត្រីថ្នាក់ទី២ ចេញពីស្ថានទូតអាមេរិក ហើយបានចេញលិខិតមួយច្បាប់ជាលាយលក្ខណ៍អក្ស ដោយចោទប្រកាន់ទីក្រុង Washington ថាមិនអើពើនឹងការទាមទារការធានាសន្តិសុខរបស់ខ្លួន ។
ការបណ្ដេញមន្ត្រីអាមេរិកចេញនេះបានធ្វើឲ្យស្ថានការដែលកំពុងតែតានតឹងស្រាប់ជុំវិញវិបត្តិអ៊ុយក្រែន ឡើងកំដៅកាន់តែខ្លាំងថែមទៀតរហូតធ្វើឲ្យប្រមុខការទូតអាមេរិកលោក Antony Blinkenអំពាវនាវឲ្យទប់ស្កាត់ការផ្ទុះសង្រ្គាមនៅអង្គការសហប្រជាជាតិ ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថាលោក Bart Gorman ដែលជាអនុប្រធានបេសកកម្មស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេ សរុស្ស៊ីត្រូវបានបណ្ដេញចេញពីរដ្ឋធានី Moscow កាលពីថ្ងៃព្រហស្បតិ៍ ។
មិនត្រឹមតែប៉ុណ្ណោះនោះទេសហរដ្ឋអាមេរិក និងរុស្ស៊ីថែមទាំងបានប៉ះសម្តីគ្នា នៅអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន ។
ការព្រួយបារម្ភនៃសង្រ្គាមថ្មីនៅអឺរ៉ុបបានកើនឡើង ខណៈលោក Bidenបានព្រមានថា ប្រទេសរុស្ស៊ីអាចឈ្លានពានប្រទេសអ៊ុយក្រែនក្នុងរយៈពេលខ្លីខាងមុខនេះ ហើយការបំពានបានកើនឡើងនៅក្នុងការប្រឈមមុខដាក់គ្នាជាយូរ មកហើយនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលការព្រួយបារម្ភមួយចំនួន អាចបង្កឲ្យមានជម្លោះកាន់តែខ្លាំង ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុបបានជំរុញឱ្យប្រទេសរុស្ស៊ីបន្ធូរបន្ថយភាពតានតឹង ។
ផ្អែកលើស្ថានភាពជាក់ស្តែងទោះក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាអាមេរិកញុះញង់ដល់កម្រិតណាក៏ដោយ រុស្ស៊ីនឹងទប់លំនឹងខ្លួនឯងព្រោះហ្គេមសង្រ្គាមដែលរុស្ស៊ីបានលេង គឺរុស្ស៊ី បានឈ្នះរួចទៅហើយ ដូច្នេះហើយ បើរុស្ស៊ី ចង់ឈ្លានពានអ៊ុយក្រែន ដូចគ្នានឹងរុស្ស៊ី ចង់បំផ្លាញខ្លួនឯងដែរ ម្យ៉ាងវិញទៀតពិភពលោក រង់ចាំតែមើលតែប៉ុណ្ណោះថាតើរុស្ស៊ី ហ៊ានឬអត់ តែបើរុស្ស៊ីហ៊ាន គឺរុស្ស៊ី នឹងខាតបង់ធ្ងន់ធ្ងរ ទាំងទណ្ឌកម្មសេដ្ឋកិច្ច ទាំងការបត់បង់អាយុជីវិតទាហានខ្លួន ។
ម្យ៉ាងវិញទៀតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ី លោក Sergey Vershininបានបដិសេធរួចទៅហើយថា កងទ័ពមិនត្រូវបានពង្រាយក្នុងទីតាំងវាយប្រហារនោះទេ ហើយរុស្ស៊ីត្រៀមខ្លួន រួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប៕