បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថា កិច្ចខិតខំខាងការទូតចាំបាច់ត្រូវពង្រីកបន្ថែមដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែនជាសញ្ញាមួយដែលទីក្រុងMoscowអាចត្រៀមខ្លួនក្នុងមធ្យោបាយចរចា ដើម្បីលុបបំបាត់ការគំរាមនៃផ្ទុះសង្រ្គាមនៅក្នុងតំបន់អឺរ៉ុប ខណៈដែលប្រមុខការទូតអាមេរិកបាននិយាយថាការបង្កើនសកម្មភាពសមយុទ្ធរបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស្សបានធ្វើឲ្យលោកបារម្ភកាន់តែខ្លាំងពីការឈ្លានពានដែលអាចកើតឡើងគ្រប់ពេលវេលាចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ក្រោយពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោកEmmanuel Macronកាលពីថ្ងៃអាទិត្យលោក Putinបានស្ដីបន្ទោសអង្គការអូតង់ ចំពោះការបង្កើនអាវុធ និងគ្រាប់រំសេវទំនើបៗចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២កើតឡើង២សប្ដាហ៍ បន្ទាប់ពីលោកMacron បានធ្វើដំណើរទៅកាន់ទីក្រុង Moscow ដើម្បីបញ្ចុះបញ្ចូលលោក Putin ឲ្យបញ្ឈប់ការបញ្ជូនកងទ័ពទៅកាន់ព្រំដែនជាប់អ៊ុយក្រែន។
សេចក្ដីថ្លែងការរបស់វិមានក្រឹមឡាំងបាននិយាយថា លោក Putinនិងលោក Macron បានពិភាក្សាពីការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ពីសំណាក់បណ្ដាប្រទេសជាសមាជិករបស់អង្គការ NATOទៅកាន់អ៊ុយក្រែនដែលវិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងជំរុញឲ្យទីក្រុងKyivស្វែងរកដំណោះស្រាយយោធាប្រឆាំងនឹងក្រុមអ្នកបំបែកខ្លួននៅក្នុងភាគខាងកើតរបស់ប្រទេសនេះ។
លោក Putin និងលោក Macronបានព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលគួរតែធ្វើឡើងតាមរយៈប្រមុខការទូតនិងក្រុមតំណាងមកពីប្រទេសបារាំងអាល្លឺម៉ង់រុស្ស៊ី និងអ៊ុយក្រែនដែលបង្កើតឲ្យមានការចរចាក្រុម៤ប្រទេសដែលមានឈ្មោះថា Normandy ។
រុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៃកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍ស្របពេលមានភាពតានតឹងជាមួយអ៊ុយក្រែន។សមយុទ្ធនេះកើតឡើងដែលជាការរំឮកយ៉ាងម៉ឺងម៉ាត់អំពីឥទ្ធិពលនុយក្លេអ៊ែររបស់ប្រទេស ខណៈមានការព្រួយបារម្ភពីលោកខាងលិចថា ទីក្រុងមូស្គូអាចនឹងត្រៀមដើម្បីឈ្លានពានអ៊ុយក្រែន ។
លោក Antony Blinkenរដ្ឋមន្រ្តីការបរទេសអាមេរិកបាននិយាយថា ក្រុងMoscowសម្រេចចិត្តរក្សាទុកកងកម្លាំងប្រមាណ៣០.០០០នាក់នៅក្នុងប្រទេសបេឡារុស្សក្បែរអ៊ុយក្រែនស្របពេលមានក្ដីបារម្ភកើនឡើងកាន់តែខ្លាំងនៅភាគខាងកើតអ៊ុយក្រែន ។
ការព្រមានរបស់លោកមានឡើង ខណៈប្រភពនានាពីភ្នាក់ងារចារកម្មអាមេរិកដែលមិនបានបញ្ជាក់បាននិយាយថា ក្រុមមេបញ្ជាការរុស្ស៊ីត្រូវបានទទួលបញ្ជាឲ្យឈ្លានពាន ប៉ុន្តែអ៊ុយក្រែនបាននិយាយថា ការនិយាយពីការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន គឺជារឿងមិនត្រឹមត្រូវទេ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកAlexei Reznikovបាននិយាយថាការវាយប្រហារនៅថ្ងៃស្អែកឬថ្ងៃនេះខាងស្អែកសុទ្ធតែជាការសន្និដ្ឋានមិនសមទំនង ព្រោះកងនាវាពិឃាតរបស់រុស្ស៊ី មិនទាន់បានដាក់ពង្រាយជិតព្រំដែនអ៊ុយក្រែននៅឡើយទេ។រុស្ស៊ីបានច្រានចោលការចោទប្រកាន់ទាំងឡាយដែលថាខ្លួនមានគម្រោងចូលឈ្លានពានប្រទេសជិតខាងរបស់ខ្លួន។
ដោយឡែកសេចក្ដីថ្លែងការណ៍របស់ប្រទេសបេឡារុស្ស បានស្ដីបន្ទោសការបំប៉ោងស្ថានការណ៍ឲ្យកាន់តែអាក្រក់នៅក្នុងភាគខាងកើតដោយចោទលើការបន្ថែមពេលវេលាធ្វើសមុយទ្ធនៅក្នុងប្រទេសបេឡារុស្ស ។
ខណៈនោះដែរប្រជាពលរដ្ឋក្នុងរដ្ឋធានី Kyiv បានប្រមូលផ្ដុំគ្នានៅព្រះវិហារSt. Michaelបួងសួងសុំសន្តិភាពខណៈមានការបារម្ភខ្លាំងពីការឈ្លានពានពីប្រទេសរុស្ស៊ី។អាចារ្យនៅព្រះវិហារទូទាំងប្រទេសអ៊ុយក្រែនបានកំពុងរៀបចំពិធីបួងសួងពិសេសមួយ ។
ពិធីនេះកើតឡើងខណៈគ្រាប់ផ្លោងរាប់រយគ្រាប់បានផ្ទុះនៅតាមខ្សែបន្ទាត់ព្រំដែនសម្រាប់ការទំនាក់ទំនងរវាងទាហានអ៊ុយក្រែននិងក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី និងស្របពេលដែលមនុស្សរាប់រយនាក់បានជម្លៀសចេញពីភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
ការជម្លៀសនៅតែបន្តក្នុងភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃអាទិត្យដឹកនាំដោយក្រុមឧទ្ទាម ដែលគ្រប់គ្រងតំបន់នេះជាអ្វីដែលទំនងជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនិងក្រុងMoscow ដើម្បីលាបពណ៌អ៊ុយក្រែនថាជាអ្នកឈ្លានពានវិញ ក្នុងវិបត្តិដែលនៅតែបន្តរវាងប្រទេសទាំង២។
អ្នកចូលរួមពិធីបួងសួងម្នាក់បាននិយាយថាយើងបានបួងសួងនៅផ្ទះនិងទៅព្រះវិហារ ព្រោះយើងសង្ឃឹមថា ព្រះនឹងទតឃើញ ថាប្រទេសអ៊ុយក្រែនសមនឹងទទួលបានសន្តិភាពនិងពុំមានសង្រ្គាមទេ ៕