ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍នៅថ្ងៃទី២២ខែកុម្ភៈនេះ ក្នុងឱកាសសម្តេចអញ្ជើញ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតាស្ថិតនៅភូមិព្រែកតាគង់១សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញថា បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃមានប្រមាណ ៣ពាន់តោន។
សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋនៅភ្នំពេញនិងអ្នកមកលេងភ្នំពេញត្រូវប្រកាន់ខ្ជាប់នូវអនាម័យត្រូវចេះទុកដាក់សំរាមដោយខ្លួនឯងជាពិសេសត្រូវញែកសំរាមរឹងនិងសំរាមរាវឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការទុកដាក់សំរាមឱ្យមានអនាម័យនិងមានសណ្ដាប់ធ្នាប់ ជាពិសេសត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូប្រឡាយនិងទន្លេ។
ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សម្តេចតេជោបានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៥៩៨នាក់ទៀតនិងមានអ្នកស្លាប់២នាក់។
សម្តេចតេជោបានអំពាវនាវឱ្យឪពុកម្ដាយអាណាព្យាបាល នាំកុមារអាយុចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ស្អែកនេះហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា ការយកឈ្នះជំងឺកូវីដ-១៩មិនចំណុះតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។
នៅក្នុងឱកាសនោះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឱសថស្ថានទាំងអស់ កុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩នៅពេលដែលប្រជាពលរដ្ឋកំពុងមានតម្រូវការនោះ ហើយក៏បានអំពាវនាវឱ្យក្រសួងសុខាភិបាល ពិនិត្យកុំឱ្យមានការចរាចរណ៍ថ្នាំព្យាបាលជំងឺកូវីដ-១៩ ក្លែងក្លាយឲ្យសោះ។
សម្តេចតេជោ ហ៊ុន សែនក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់អោយជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកចាប់ពីពេលនេះតទៅ៕