ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ថា ប៉ូលិសទុកពេល ៣ថ្ងៃទៀតដើម្បីឲ្យលោក យិន ង៉ិច ដើម្បីនាំកូនស្រី ឈ្មោះ យិន ម៉ាណា ជាអ្នកបើកឡាន បុកស្លាប់និស្សិតស្រីម្នាក់ នៅខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ចូលបង្ហាញខ្លួន ដើម្បីប៉ូលិសចាត់ការតាមនីតិវិធី។
លោក ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក យិន ង៉ិច មិនទាន់នាំកូនស្រី មកបង្ហាញខ្លួននៅមុខប៉ូលិសស្នងការនគរបាលរាជធានីភ្នំពេញ នៅឡើយទេ។
សូមរម្លឹកថា លោក យិន ង៉ិច ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាថៅកែសណ្ឋាគារ នៅខេត្តសៀមរាប គឺជាម្ចាស់ឡាន Range Rover ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AF-7777 បានចូលខ្លួន ដោះស្រាយនៅមុខប៉ូលិសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ លោកប្រកាសទទួលខុសត្រូវ និងដោះស្រាយករណី ឡានរបស់លោក បុកស្លាប់មនុស្សនេះ។
កាលពីថ្ងៃទី២៧មីនា លោក យិន ង៉ិច បានឲ្យតំណាងរបស់លោក យកលុយ ៥០០០ ដុល្លារ ទៅចូលបុណ្យសព ជនរងគ្រោះ ដែលកំពុងធ្វើបុណ្យនៅស្រុកកំណើត នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សូមរម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយឡាន Range Rover ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនដូចហោះ បុកនិស្សិតស្រីម្នាក់ ជិះម៉ូតូ គុបជ្រុង នៅផ្លូវបំបែកជា ៤ បណ្តាលឲ្យផ្លោងស្លាប់នៅកៀនរបង កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ កាំម៉ារ៉ាសុវត្ថិភាព បានថតជាប់ហេតុការណ៍នោះ និងស្លាកលេខឡាន។ និស្សិតរងគ្រោះ ឈ្មោះ ឌុំ រីដា អាយុ ២២ឆ្នាំ៕