បរទេស៖កាលពីថ្ងៃសៅរ៍ម្សិលមិញប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រី បានចុះឈ្មោះចូលធ្វើសង្រ្គាមរួមគ្នាដើម្បីការពារប្រទេសរបស់ខ្លួនពីការឈ្លានពានរបស់យោធារុស្ស៊ី ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀត កំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។
ថ្លែងទៅកាន់ទូរទស្សន៍អង់គ្លេស Sky Newsពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Dnipro បាននិយាយថា ដំបូងពួកគេខ្លាចរអារ ប៉ុន្តែបច្ចុប្បន្នពួកគេចាំបាច់ត្រូវតែក្រោកឈរឡើង ។
អ្នកស្រីនិយាយថា ដំបូងពួកយើងខ្លាចខ្លាំងណាស់ ពិតជាខ្លាចមែន ប៉ុន្តែឥឡូវ ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើសង្រ្គាមដល់ទីបញ្ចប់ ។
ការពិតដែលប្រជាពលរដ្ឋអ៊ុយក្រែនត្រូវប្រឈម គឺត្រូវធ្វើសង្រ្គាម ឬរត់ភៀសខ្លួន ស្របពេលដែលកងកម្លាំងរុស្ស៊ី បន្តការរុលចូលរបស់ពួកគេមកកាន់រដ្ឋធានីគីវ ។
លោកIgor Vyazovoyគឺជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងទីក្រុង Dnipro បាននិយាយថា ពីមុនប្រហែលជាលោកស្រពិចស្រពិលខ្លះ ប៉ុន្តែឥឡូវនេះ លោកត្រូវតែកាន់អាវុធចូលរួមធ្វើសង្រ្គាមមួយនេះ ។
កាលពីថ្ងៃសុក្រកន្លងទៅលោក Dmytro Zhivitskyគឺជាប្រធានរដ្ឋបាលរដ្ឋ Sumyបានអំពាវនាវឲ្យប្រជាពលរដ្ឋអ៊ុយក្រែនកាន់អាវុធដោយខ្លួនឯង ដើម្បីបញ្ឈប់ការមកដល់របស់ទាហានរុស្ស៊ី ។
ខណៈពេលនោះដែរ ប្រជាពលរដ្ឋអ៊ុយក្រែនបានឆ្លងព្រំដែនចូលទៅកាន់ប្រទេសជិតខាងហុងគ្រីស្របពេលដែលទាហានឈ្លានពាន រុស្ស៊ី បង្កើនការរុលទៅមុខរបស់ខ្លួនចូលក្នុងប្រទេសអ៊ុយក្រែន និងចូលរដ្ឋធានីគីវ កាលពីថ្ងៃសៅរ៍ ។
ប្រទេសហុងគ្រី ដូចគ្នានឹងប្រទេសផ្សេងទៀតដែរនៅអឺរ៉ុបខាងកើត បានបន្តការពារដោយស្របច្បាប់ដល់អ្នកដែលរត់ភៀសខ្លួនពីការឈ្លានពានរបស់រុស្ស៊ី ហើយពួកគេនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអ៊ុយក្រែននៅច្រកព្រំដែនគោកទាំង៥ ឆ្លងកាត់តាមបណ្តោយព្រំដែនប្រវែង ១៣៧គ.មចន្លោះប្រទេសទាំង២ ។
លោក Vladimir Wormington បានឆ្លងកាត់ព្រំដែនជាមួយគ្រួសារសមាជិក៤នាក់របស់លោក និងសត្វសុនខ ២ក្បាល ។
លោក Wormington បាននិយាយថាលោកសង្ឃឹមថា គ្រួសាររបស់លោកនឹងមានផ្ទះវិលត្រឡប់មកអ៊ុយក្រែនវិញ ប៉ុន្តែជាក់ស្តែងណាស់ថា កន្លែងភាគច្រើន រងការបំផ្លិចបំផ្លាញ វាត្រូវការពេលរាប់ឆ្នាំទើបអាចស្តាឡើងវិញបាន ។
នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ដែលធ្វើដំណើរទៅកាន់ទីក្រុងព្រំដែន Beregsurany កាលពីថ្ងៃសៅរ៍ បាននិយាយថា ហុងគ្រី ទទួលយកពលរដ្ឋទាំងអស់ និងពលរដ្ឋស្របច្បាប់របស់អ៊ុយក្រែន។
យោធាហុងគ្រីបានប្រកាសនៅក្នុងសប្តាហ៍នេះថា ខ្លួនបានចល័តកម្លាំងចូលទៅកាន់តំបន់ជាច្រើនជាប់ព្រំដែនដើម្បីជួយពលរដ្ឋអ៊ុយក្រែន និងធានាថា គ្មានក្រុមប្រដាប់អាវុធចូលប្រទេសរបស់លោកនោះទេ ។
រុស្ស៊ីបានអះអាងថា ការវាយប្រហាររបស់ខ្លួនមកលើអ៊ុយក្រែនមានបំណងលើគោលដៅយោធាប៉ុណ្ណោះ ប៉ុន្តែស្ពាន សាលារៀន និងតំបន់រស់នៅអ្នកស្រុក បានរងការវាយប្រហារផងដែរ ចាប់តាំងពីការឈ្លានបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការវាយប្រហារដោយមីស៊ីល តាមច្រកអាកាស ហើយទាហានរុស្ស៊ី ចូលអ៊ុយក្រែនពីភាគខាងជើងភាគខាងកើតនិងភាគខាងត្បូង ។