បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyyបានអំពាវនាវឱ្យរុស្ស៊ី បញ្ឈប់ការផ្លោងគ្រាប់កាំភ្លើងធំ មុនពេលកិច្ចពិភាក្សាអាចដំណើរការទៅមុខ។
លោក Zelenskyyបានអំពាវនាវឱ្យមានការធានាសន្តិសុខ ប្រសិនបើសមាជិកអង្គការអូតង់ មិនបានត្រៀមខ្លួនក្នុងការទទួលយកអ៊ុយក្រែនចូលទៅក្នុងប្លុកមួយនេះ។
របាំងត្រូវបានបង្កើតនៅតាមដងផ្លូវទៅកាន់ទីក្រុងសមុទ្រខ្មៅ Mykolaivក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការឈ្លានពានចូលរបស់ទាហានរុស្ស៊ី។ ប្រជាជនអ៊ុយក្រែន កំពុងប្រើអ្វីក៍ដោយដែលពួកគេអាចធ្វើបាន ដើម្បីព្យាយាមបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី។
នៅលើផ្លូវរវាងទីក្រុងOdesaនិង Mykolaivនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនប្រជាជនបានរៀបគំនរសំបកកង់គ្រឿងចក្រពេញដោយដីខ្សាច់ហើយបានដាក់បណ្តុបដោយបាវខ្សាច់ ដើម្បីរារាំងក្បួនរថយន្តរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយរុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែនរហូតសម្រេចបានគោលដៅធំរបស់ពួកគេ ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoiguបាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន រហូតសម្រេចបាននូវគោលដៅធំរបស់ខ្លួនក្នុងការការពារប្រទេសរុស្ស៊ីពីការគំរាមកំហែងរបស់លោកខាងលិច។
លោក Shoiguបាននិយាយថា មូលហេតុសំខាន់នៅពីក្រោយសកម្មភាពរបស់រុស្ស៊ី គឺដើម្បីការពារប្រទេសរុស្ស៊ីពីការគំរាមកំហែងផ្នែកយោធាបង្កឡើងដោយលោកខាងលិចដែលកំពុងព្យាយាមប្រើប្រាស់ប្រជាជនអ៊ុយក្រែនឲ្យប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលក្រុង Moscow។
ខណៈពេលនោះដែរប្រជាជនអ៊ុយក្រែនបន្តភៀសខ្លួនទៅកាន់ប្រទេសស្លូវ៉ាគីម៉ុលដូវ៉ា និងហុងគ្រី ។
ជនភៀសខ្លួនជាច្រើន ចាកចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ភាគច្រើនជាស្ត្រី និងកុមារ កំពុងសម្រុកចូលទៅកាន់ប្រទេស្លូវ៉ាគី ដោយប្រជាជនមូយចំនួននិយាយថា ពួកគេត្រូវដើររយៈពេលច្រើនថ្ងៃដើម្បីបានទៅដល់ទីសុវត្ថិភាព។
នៅព្រំដែនប្រទេសម៉ុលដូវ៉ា ជនភៀសខ្លួនជាច្រើននៅបន្តឆ្លងកាត់ព្រំដែនប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសម៉ុលដូវ៉ា ស្របពេលដែលប្រជាជន នៅតែបន្តភៀសខ្លួនពីកងកម្លាំងរុស្សី ។
នៅប្រទេសហុងគ្រីវិញក្រុមអ្នកស្ម័ក្រចិត្តនៅព្រំដែនប្រទេសហុងគ្រីជាមួយអ៊ុយក្រែនបានបន្តផ្តល់ជំនួយដល់ជនភៀសខ្លួនដែលកំពុងចាកចេញពីការប្រយុទ្ធគ្នាក្រោយការឈ្លានពានរបស់រុស្សី ។
ដោយឡែកប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនលើពិភពលោកបន្តតវ៉ាប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនបានឈានដល់ថ្ងៃទី៧ហើយនៅថ្ងៃពុធនេះ ខណៈការវាយប្រហារពី រុស្ស៊ីនៅតែបន្ត ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនស្តាប់មិនខ្វាយខ្វល់នោះឡើយចំពោះដំណើរវត្តន៍ចុងក្រោយទាំងនេះ ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន ពោលគឺពួកគេនៅតែបន្តធ្វើសង្រ្គាមរហូតដល់សម្រេចគោលដៅរបស់ពួកគេដដែល ។
ការឈ្លានពាននិងការវាយរុលទៅមុខរបស់រុស្ស៊ីបានបង្កឲ្យមានការតវ៉ាប្រឆាំងស្ទើរាល់ថ្ងៃនៅជុំវិញពិភពលោក។សមាគមអ៊ុយក្រែននៅអាហ្វ្រិកខាងត្បូង បានចេញតវ៉ាដោយស្ងៀមស្ងាត់នៅខាងក្រៅក្រសួងទំនាក់ទំនងអន្តរជាតិ ក្នុងទីក្រុង Pretoria ។
នៅទីក្រុងTbilisiរបស់ប្រទេសហ្ស៊កហ្ស៊ីពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនជាតិអ៊ុយក្រែន។ពលរដ្ឋអ៊ុយក្រែនដែលរស់នៅ ក្នុងទីក្រុង Irbil ក្នុងតំបន់គ្រប់គ្រងដោយក្រុមឃើដរបស់ប្រទេសអ៊ីរ៉ាក់បានចេញតវ៉ាតាមដងផ្លូវនានា ដើម្បីតវ៉ាប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ចំណែកនៅក្នុងប្រទេសអេស្ប៉ាញវិញមនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងទៅនឹងការឈ្លានពានចូលអ៊ុយក្រែនដោយក្រវីទង់ទង់ជាតិនិងបដាផ្សេងៗ។
នៅរដ្ឋធានីអាតែន ប្រទេសក្រិកវិញអ្នកតវ៉ាប្រឆាំងសង្រ្គាមរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាបង្ហាញការគាំទ្រដល់ពលរដ្ឋអ៊ុយក្រែន ៕