ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃភាគហ៊ុនអាស៊ីធ្លាក់ចុះក្រោយការវាយប្រហារមកលើរោងចក្រថាមពល នុយក្លេអ៊ែរអ៊ុយក្រែន

អាស៊ី៖តម្លៃភាគហ៊ុនបានដាំក្បាលចុះនៅអាស៊ីក្រោយអគ្គិភ័យឆាបឆេះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ។
ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃចំនួន ២,៥ភាគរយ ហើយភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចំនួន ២,៦ភាគរយ ។
ចំណែកឯតម្លៃប្រេងសាំងវិញបានហក់ឡើងខ្ពស់នៅអាស៊ីនៅព្រឹកមិញនេះក្នុងនោះតម្លៃប្រេងឆៅលើ ១១២ដុល្លារ ក្នុង១បារ៉ែល ។
អគ្គិភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនបានឆាបឆេះឡើង ក្រោយទាហានរុស្ស៊ីផ្លោងគ្រាប់កាំភ្លើងធំ ។ ការព្រួយបារម្ភរបស់ក្រុមវិនិយោគិនមួយចំនួន លែងមាន ក្រោយក្រុមមន្រ្តីនិយាយថា សុវត្ថិភាពរោងចក្រ រក្សាបានវិញហើយ ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)បាននិយាយថាពួកគេបាននិយាយជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ហើយពួកគេទទួលបានព័ត៌មានថា ឧបករណ៍សំខាន់នៅក្នុងរោងចក្រដំណើរការធម្មតាទេ ។
ការផ្លោងគ្រាប់កាំភ្លើងធំនេះបានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីមេដឹកនាំពិភពលោកក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជំរុញឲ្យរុស្ស៊ីបញ្ឈប់ការផ្លោងគ្រាប់កាំភ្លើងធំ និងអនុញ្ញាតឲ្យក្រុមភ្នាក់ងារពន្លត់អគ្គិភ័យចូលដល់ទីតាំងរងការវាយប្រហារ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីបានធ្វើឲ្យរលករញ្ជួយឆ្លងកាត់ទីផ្សារហិរញ្ញវត្ថុសកលលោក និងថាមពល ។
នៅក្នុងសប្តាហ៍នេះ តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកបានហក់ឡើងខ្ពស់ពី ១០០ដុល្លារក្នុង១បារ៉ែលឡើងដល់ជាង ១១៩ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុត ចាប់តាំងពីខែឧសភា ឆ្នាំ ២០១២ ។
តម្លៃឧស្ម័នធម្មជាតិ និងធ្យូងថ្ម បានហក់ឡើងខ្ពស់ផងដែរនៅក្នុងទីផ្សារសកលលោក ។
ការហក់ឡើងខ្ពស់នៃតម្លៃលក់ដុំថាមពល បានជំរុញឲ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតជាមធ្យម នៅអង់គ្លេស កើនឡើងខ្ពស់បំផុត ហើយប្រាក់រូបល៍របស់រុស្ស៊ី បានធ្លាក់ថ្លៃទាបបំផុតទល់នឹងប្រាក់ដុល្លារ ស្របពេលដែលប្រទេសនៅលើពិភពលោក ដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ី ៕