ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំចំណាយទឹកប្រាក់ជិត ៥០​លាន​ដុល្លារអាមេរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានិងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សានិងវិទ្យាល័យតេជោសែនត្បូងឃ្មុំផងដែរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅ​លើ​ដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េលើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ជិត៥០​លាន​ដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។
មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន៥ជាន់អគារសម្ភពរោគស្រីនិងកុមារចំនួន​៥ជាន់​,អគារ​​វេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះមានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០​​គ្រែ ដោយមានផ្តល់សេវាពិនិត្យនិងព្យាបាលលើជំងឺទូទៅជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ,ប្រពោធនកម្ម (ICU),សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy,មន្ទីរពិសោធន៍,ឱសថស្ថាន, បន្ទប់រំងាប់មេរោគ,ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាពបន្ទប់បង្កើត និងផ្ទុកអុកស៊ីសែនបន្ទប់សំអាតទឹកកខ្វក់បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ហើយមន្ទីរពេទ្យនេះ ក៏អាចពិគ្រោះជំងឺក្នុងមួយថ្ងៃបាន ៦០០នាក់។