ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ

បរទេស៖តម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់ដែលមានចាប់តំាងពីឆ្នាំ ២០០៨មកក្រោយសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានពិភាក្សាលើការឈប់មិនឲ្យមានការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ។
តម្លៃប្រេងឆៅ បានហក់ឡើងខ្ពស់ពីលើតម្លៃ ១៣៩ដុល្លារក្នុង១បារ៉ែល មុនពេលធ្លាក់មកនៅក្រោម១៣០ដុល្លារក្នុង១បារ៉ែលវិញ ។
ទីផ្សារថាមពលបានរងភាពរង្គោះរង្គើរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឡើងដោយសារការព្រួយបារម្ភដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។
ក្រុមអ្នកប្រើប្រាស់យល់ឃើញថា ពួកគេរងផលប៉ះពាល់រួចទៅហើយដោយសារតម្លៃថាមពលឡើងខ្ពស់ ស្របពេលដែលតម្លៃប្រេង និងថ្លៃការរស់នៅ បានហក់ឡើងខ្ពស់ ។

ផ្សារភាគហ៊ុននៅអាស៊ី បានធ្លាក់ថ្លៃផងដែរនៅថ្ងៃចន្ទនេះ ក្នុងនោះផ្សារភាគហ៊ុន Nikkei របស់ជប៉ុន និងផ្សារភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ថ្លៃជាង ៣ភាគរយ ។
កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបាននិយាយថា រដ្ឋបាលរបស់លោក Bidenនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានពិភាក្សាលើការហាមឃាត់ការផ្គត់ផ្គង់ប្រេងរុស្ស៊ី ។
ខណៈពេលនោះដែរប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បាននិយាយថាសភាកំពុងពិនិត្យមើលច្បាប់ ហាមប្រាមការនាំចូលប្រេងរុស្ស៊ី ហើយក្នុងសប្តាហ៍នេះ សភាមានបំណងអនុម័តជំនួយ ១០ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងកាឈ្លានពានរបស់រុស្ស៊ី ។
លោកស្រី Pelosiបាននិយាយនៅក្នុងសារលិខិតមួយច្បាប់ថា បច្ចុប្បន្នសភាកំពុងពិនិត្យមើលច្បាប់ដ៏ខ្លាំងក្លាដែលនឹងធ្វើឲ្យរុស្ស៊ីឯកាបន្ថែមទៀតពីសេដ្ឋកិច្ចសកលលោក ។
អនុសាសន៍របស់លោកស្រីបានកើតមានស្របពេលដែលសំពាធកើនឡើង លើ សេតវិមាននិងប្រទេសលោកខាងលិចផ្សេងទៀតឲ្យចាត់វិធានការធ្ងន់ធ្ងរមកលើទីក្រុង Moscowពាក់ព័ន្ធនឹងការឈ្លានពានរបស់ពួកគេមកលើអ៊ុយក្រែន ។
ការហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី នឹងក្លាយជាការកើនឡើងកម្តៅកាន់តែធំ ដើម្បីឆ្លើយតបនឹងការឈ្លានពានអ៊ុយក្រែន ហើយវានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ។
អ្នកស្រី Vandana Hari ស្ថាបនិកបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ទីផ្សារថាមពល Vanda Insightsបាននិយាយប្រាប់ BBCថា ស្របពេលដែលសហរដ្ឋអាមេរិក អាចនឹងជំរុញឲ្យហាមឃាត់ការនាំចូលប្រេងរុស្ស៊ី អឺរ៉ុបអាចនឹងធ្វើតាមដូចគ្នា។
រឿងដែលកាន់តែគួរឲ្យព្រួយបារម្ភជាងនេះនោះ គឺប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinអាចនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកាន់អឺរ៉ុប កាត់ផ្តាច់ខ្សែជីវិតថាមពលនៅក្នុងទ្វីបមួយនេះតែម្តង ។
សូមបញ្ជាក់ថាតម្លៃប្រេងឆៅបានកើនឡើងជាង២០ភាគរយកាលពីសប្តាហ៍មុន ខណៈដែលជម្លោះអ៊ុយក្រែន-រុស្ស៊ីធ្វើឲ្យព្រួយបារម្ភដល់កង្វះខាតប្រេងនៅលើទីផ្សារសកលលោក ៕