(រាជធានីភ្នំពេញ)៖លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះបានទទួលជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers) ។
កម្មវិធីនេះក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តាមរយៈប្រព័ន្ធអនឡាញ (Zoom)ដើម្បីពិភាក្សាលើការសិក្សាអំពីការបាត់បង់ស្បៀងអាហារ (Food Waste) និងពិនិត្យលទ្ធភាពបង្កើតធនាគារអាហារ (Food Bank)។
គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ នឹងធ្វើការសិក្សាស្រាវជ្រាវរកវិធីសាស្ត្របង្វែរអាហារដែលនៅសេសសល់ ប៉ុន្តែមានសុវត្ថិភាពក្នុងការបរិភោគ ដោយធ្វើការកែច្នៃឱ្យទៅជាអាហារមួយផ្សេងទៀត ដើម្បីផ្តល់ជូនដល់អ្នកដែលត្រូវការជំនួយអាហារ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី តំណាងមកពីគម្រោង ១៧ ទ្រីហ្យឺ និងតំណាងមកពីទីភ្នាក់ងារ GIZ។