ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ពន្ធ័ស្ដីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.បកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
លោក នុត សុខុម មានប្រសាសន៍ថា នៅឆ្នាំ២០១៩នេះ គ.ជ.ប ហ្នឹងមានភារៈកិច្ចសំខាន់ៗចំនួន២រួមមានទី១.ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្ដិទី៣។ និងទី២.ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩។
យោងតាមរបាយការណ៍បានឱ្យបញ្ជាក់ថាគិតត្រឹមចុងក្រោយឆ្នាំ២០១៨ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត៨.៥៤៤.៨៨៥នាក់ ការិយាល័យបោះឆ្នោតមានចំនួន២៣.២៩៤ការិយាល័យ។ ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ អ្នកដែលគ្រប់អាយុ១៨ឆ្នាំ មានចំនួន ១០.១៧៨.៨០៩នាក់ ហើយឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន៨៨.៦២៦នាក់។
ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមានចំនួន៣៧២.៦២៨នាក់ ចំនួនការិយាល័យបោះឆ្នោតសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ មានចំនួន២៣.៣៦៤ការិយាល័យ។
លោកអនុប្រធាន គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយអង្គការសង្គមស៊ីវិលជាតិនិងអន្ដរជាតិចូលរួមដាក់ភ្នាក់ងារ អ្នកសង្កេតការណ៍ចូលរួមពិនិត្យនិងតាមដានការចុះឈ្មោះបោះឆ្នោតនៅគ្រប់ការិយាល័យនិងសូមអោយអាជ្ញាធរដែនដីចូលរួមសហការ ការពារសន្ដិសុខជូនប្រជាពលរដ្ឋក្នុងចុះឈ្មោះបោះឆ្នោតហើយនឹងប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយអំពីដំណើរការនេះដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោត ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ ដោយឡែកការអនុវត្ដការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដែលត្រូវធ្វើនៅតាមសាលាឃុំ សង្កាត់និងនៅតាមទីតាំងមួយចំនួននៅក្នុងឃុំ សង្កាត់ចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩៕