ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងវេទិកាផ្នែកឯកជន និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៩ ខែមីនានេះថា ខាងសហព័ន្ធស្រូវអង្ករ ស្នើសុំមកសម្តេច ថានឹងប្តឹងសហភាពអឺរ៉ុប ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO។ ដូច្នេះសម្តេចឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សិក្សា ថាយើងគួរប្តឹង លើបញ្ហានេះឬទេ?
សម្តេចតេជោ បញ្ជាក់ថា ករណីសហភាអឺរ៉ុប EU យកពន្ធលើអង្ករខ្មែរនេះ មិនមែនជារឿង EBA ទេ តែជារឿងគាំពារនិយម ដើម្បីជួយអង្កររបស់អ៊ីតាលី ដែលលក់មិនដាច់ មកធ្វើបាបអង្ករកម្ពុជា។
សម្តេចតេជោ បញ្ជាក់ថា អ្វីដែលអឺរ៉ុប យកពន្ធលើស្រូវ អង្កររបស់យើង គឺមិនបានប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាទេ។ នៅឆ្នាំនេះ យើងនាំចេញបានច្រើនជាងឆ្នាំមុន។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំឲ្យវិស័យឯកជន និងរាជរដ្ឋាភិបាល ពង្រីកលទ្ធភាព ដើម្បីនាំចេញអង្ករកម្ពុជាឲ្យបានច្រើន។ ក្នុងនោះ សម្តេចក៏នឹងទស្សនកិច្ចនៅប្រទេសមួយចំនួន ពិសេសនៅអូបេគ្រឹស្តង់ នៅពេលខាងមុខ ដើម្បីស្វែងរកទីផ្សារកសិផលកម្ពុជា ពិសេសការនាំអង្ករ៕