ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ​.​ជ​.​ប​ ៖ ​ប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​ ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតសម្រាប់​ឆ្នាំ​២០១៩

​ភ្នំពេញ​៖​ ​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់​ព​ន្ធ័​ស្ដី​ពី​ការ​ប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​លោក នុ​ត​ សុខុម​ អនុប្រធាន​ គ​.​ជ​.​ប​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩

លោក​ នុ​ត​ សុខុម​ មាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​២០១៩​នេះ​ គ​.​ជ​.​ប​ ហ្នឹង​មាន​ភារៈកិច្ច​សំខាន់ៗ​ចំនួន​២​រួម​មាន​ទី​១.​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​ក្រុមប្រឹក្សា​អាណត្ដិ​ទី​៣​។​ និង​ទី​២.​ការ​រៀបចំ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំឆ្នាំ​២០១៩​។​

​យោង​តាម​របាយការណ៍​បានឱ្យ​បញ្ជាក់​ថា​គិត​ត្រឹម​ចុង​ក្រោយ​ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​មានឈ្មោះ​បោះ​ឆ្នោត​៨.៥៤៤.៨៨៥​នាក់​ ការិយាល័យ​បោះ​ឆ្នោត​មាន​ចំនួន​២៣.២៩៤​ការិយាល័យ​។​ ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ អ្នក​ដែល​គ្រប់​អាយុ​១៨​ឆ្នាំ​ មាន​ចំនួន​ ១០.១៧៨.៨០៩​នាក់​ ហើយ​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​មាន​ចំនួន​៨៨.៦២៦​នាក់​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ គ​.​ជ​.​ប​ មាន​ផែនការ​​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​មាន​ចំនួន​៣៧២.៦២៨​នាក់​ ចំនួន​ការិយាល័យ​បោះ​ឆ្នោត​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ មាន​ចំនួន​២៣.៣៦៤​ការិយាល័យ​។​

លោក​អនុប្រធាន​ គ​.​ជ​.​ប​ បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​និង​អន្ដរជាតិ​ចូលរួម​ដាក់​ភ្នាក់ងារ​ អ្នក​សង្កេតការណ៍​ចូលរួម​ពិនិត្យ​និង​តាម​ដាន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​គ្រប់​ការិយាល័យ​និង​សូម​អោយ​អាជ្ញាធរ​ដែនដី​ចូលរួម​សហការ​ ការពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​នេះ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​និង​ការ​បោះ​ឆ្នោត​ ។

សូមបញ្ជាក់ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ដោយឡែក​ការ​អនុវត្ដ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ត្រូវធ្វើ​នៅ​តាម​សាលាឃុំ​ សង្កាត់​និង​នៅ​តាម​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ សង្កាត់​ចាប់ផ្ដើម​ពី​​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៩៕