ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ត្បូងឃ្មុំ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេងមួយចំនួន រួមមាន ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី៧ មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។

លោកបានជម្រាបជូនសមាជិកបក្សទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការដឹកនាំសព្វថ្ងៃនេះ គឺមានយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ, និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនេះដែរ លោកបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំព្រះធាតុ សូមបន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះបន្តទៀត នាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២។

សូមបញ្ជាក់ថា លោក ខ្វៃ អាទិត្យា គឺជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំព្រះធាតុផងដែរ៕