អាមេរិក៖សហរដ្ឋអាមេរិកបានយល់ព្រមបញ្ឈប់ការដំឡើងពន្ធក្នុងយុគសម័យលោក ដូណាល់ ត្រាំមកលើការនាំចូលដែកនិងអាលុយមីញ៉ូមរបស់អង់គ្លេស ដើម្បីដោះស្រាយបញ្ហាដែលធ្វើឲ្យជាប់គាំងទំនាក់ទំនងសម្ព័ន្ធមិត្តទាំង២ ។
ការសម្រេចចិត្តបែបនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប និងជប៉ុន លើការដំឡើងពន្ធជម្លោះ ដែលត្រូវបានដាក់ដោយអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨តាងនាមឲ្យសន្តិសុខជាតិ ។ ជាការដោះដូរគ្នាចក្រភពអង់គ្លេសនឹងផ្អាកការដំឡើងពន្ធបន្ថែមទៀតដែលពួកគេបានដាក់មកលើផលិតផលសហរដ្ឋអាមេរិក ដូចជាស្រាវីស្គូ និងខោខាវប៊យម៉ាក Levi ។ ក្រុមធុរកិច្ច បានស្វាគមន៍ការសម្រេចចិត្តមួយនេះ ។
ក្រោមកិច្ចព្រមព្រៀងមួយនេះសហរដ្ឋអាមេរិកនឹងជំនួសការដំឡើងតម្លៃពន្ធ២៥ភាគរយលើដែក ជាមួយនឹងប្រព័ន្ធកូតា។គោលនយោបាយនេះនឹងនាំឲ្យការនាំចូលដែកអង់គ្លេសទៅកាន់អាមេរិក មិនគិតពន្ធ ដល់កម្រិតជាក់លាក់ គឺតាមប្រព័ន្ធកូតា មុនពេលតម្លៃពន្ធចាប់ផ្តើមអនុវត្តន៍ម្តងទៀត ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានស្វាគមន៍ផងដែរការផ្អាកការដំឡើងពន្ធសងសឹកអង់គ្លេស ដែលពួកគេនិយាយថា វាបានប៉ះពាល់ដល់តម្លៃពាណិជ្ជកម្មប្រចាំឆ្នាំប្រហែល ៥០០លានដុល្លារ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងជាអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តបានប្រកាសនៅថ្ងៃនេះ នឹងចែករំលែកចក្ខុវិស័យរបស់លោកប្រធានាធិបតី Joe Biden ដើម្បីជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ពួកយើង ខណៈដែលវាជួយផងដែរក្នុងការធានាឲ្យបានលទ្ធភាពជោគជ័យយូរអង្វែងឧស្សាហកម្មដែក និងអាលុយមីញ៉ូមរបស់ពួកយើង ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC លោកស្រី Taiដែលជាអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកដែរនោះ បដិសេធន៍មិនបញ្ជាក់ពីពេលវេលា ឬថាតើកិច្ចពិភាក្សាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្លូវការ នឹងអាចចាប់ផ្តើមឬយ៉ាងណានោះទេ ។
លោកស្រីបន្តថា លោកស្រីគិតថាតើកិច្ចសហប្រតិបត្តិការបែបណានឹងស័ក្តិសមសម្រាប់គោលបំណងលើកឡើងការងារប្រឈមដែលពួកយើងមាននៅថ្ងៃនេះ ។ លោកស្រី នឹងមិនរួមបញ្ចូលជម្រើសណាមួយនោះទេ ៕