ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.»រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្តនិងលើកកម្ពស់កិច្ចការហាឡាល

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» នៅ​ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។
កិច្ចប្រជុំគឺ​ ដើម្បីណែនាំអំពីសមាសភាព គ.ត.ផ.ហ.ក.ដែលទើបតែងតាំងថ្មីនិងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពរបស់ គ.ត.ផ.ហ.ក. ដែលត្រូវអនុវត្តបន្ត។
លោក​​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានគ​.ត.ផ.ហ.ក. ជាអនុប្រធាន សមាជិក នៃគ.ត.ផ.ហ.ក. ក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការ នៃ គ.ត.ផ.ហ.ក. ជាច្រើនរូប។
លោក​​ ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ជាសមាជិក គ.ត.ផ.ហ.ក. បានរាយការណ៍ជូនអង្គប្រជុំថា រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជាសម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ២២១ពាក្យស្នើសុំបានចេញវិញ្ញាបនបត្រចំនួន ១៩៦វិញ្ញាបនបត្រ ដែលមាន១០០ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាហារដ្ឋាន ស្មើនឹងផលិតផលចំនួន ៦១៩មុខទំនិញ។
លោក​​អគ្គនាយកបន្តថា អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងលេខាធិការដ្ឋាន គ.ត.ផ.ហ.ក. បានធ្វើការអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសេវាករទាំងអស់ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជាសូមទាក់ទងមកអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម នៅរៀងរាល់ម៉ោងធ្វើការ។
លោក​​រដ្ឋមន្រ្តីបានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ត.ផ.ហ.ក.និងលេខាធិការដ្ឋាន គ.ត.ផ.ហ.ក.ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការសហការគ្នាយ៉ាងល្អអនុវត្តកិច្ចការហាឡាលកម្ពុជា នាពេលកន្លងមក។
លោក​​រដ្ឋមន្រ្តីបន្តថា កិច្ចការហាឡាលគឺជាប្រធានបទដ៏សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះ ផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការខ្ពស់ សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ដោយសារពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។
ជាមួយគ្នានេះ លោក​​រដ្ឋមន្ត្រីបានជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្នុងនាមជាសេនាធិការនៃ គ.ត.ផ.ហ.ក. បន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រនិងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន រួមមាន៖
១- បន្តពង្រឹងគុណភាពការផ្តល់សេវា និងជំរុញការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា
២- ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា
៣- រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក.
៤- រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃក្រុមឯកទេសផលិតផលហាឡាលនៃគ.ត.ផ.ហ.ក.
៥- លើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា តាមរយៈការជំរុញការអនុវត្ត ច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធដោយទន់ភ្លន់ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ
៦- ជំរុញការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចការហាឡាល។
ក្នុងឱកាសនោះផងដែរទេសរដ្ឋមន្ត្រី ក៏បានថ្លែងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការបន្តជំរុញឱ្យកិច្ចការនេះមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។
ជាមួយគ្នានេះទេសរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យមានការបញ្ចូលបន្ថែមទៀត នូវសមាជិកសមាជិការដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ពាក់ព័ន្ធនឹងកិច្ចការហាឡាល នេះផងដែរ៕