បរទេស៖អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអត្ថិភាពរបស់ខ្លួន ត្រូវបានគំរាមកំហែង ។
ការអត្ថាធិប្បាយរបស់លោក Peskov បានធ្វើឡើង ខណៈអ្នកអត្ថាធិប្បាយព័ត៌មាន CNN លោកស្រីChristiane Amanpour បានសង្កត់ធ្ងន់ឲ្យលោកបញ្ជាក់ថាតើលោកមានការជឿជាក់ ឬទុកចិត្តទេថា លោកប្រធានាធិបតី Vladimir Putin នឹងមិនប្រើជម្រើសអាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទសង្រ្គាមនៅអ៊ុយក្រែននោះ ។
លោក Peskov និយាយថា យើងមានទស្សនផ្នែកសន្តិសុខក្នុងតំបន់ និងជាសាធារណៈរបស់ខ្លួន ។អ្នកអាចអានរាល់មូលហេតុសម្រាប់អាវុធនុយក្លេអ៊ែរដែលអាចត្រូវបានប្រើ ។ ដូច្នេះប្រសិនបើរដ្ឋរបស់យើងត្រូវបានរងការគំរាមកំហែង អញ្ចឹងអាវុធនុយក្លេអ៊ែរអាចត្រូវប្រើស្របទៅតាមទស្សនៈរបស់ពួកយើង ។កាលពីខែមុន លោក Putin បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ត្រៀមលក្ខណៈរួចទៅហើយ បើសិនជាចាំបាច់ត្រូវប្រើប្រាស់ ។
ជុំវិញការលើកឡើងបែបនេះ មានទស្សនៈជាច្រើនថា បើសិនជារុស្ស៊ី ហ៊ានធ្វើដូចការលើកឡើងរបស់ខ្លួនពិតមែន នោះសង្រ្គាមនុយក្លេអ៊ែរ អាចនឹងផ្ទុះ ហើយការផ្ទុះសង្រ្គាមមួយនេះ មិនខុសប្លែកគ្នានឹងសង្រ្គាមប្រល័យលោក ដូចកាលពីសង្រ្គាមលោកលើកទី២នោះទេ ។
ការយល់ឃើញថាសង្រ្គាមនុយក្លេអ៊ែរនឹងផ្ទុះឡើងនោះ គឺដោយសារតែគេមើលឃើញថា សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការគាំទ្រច្រើនពីលោកខាងលិច ពិសេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការអូតង់ បើទោះបីជាពួកគេជួយអ៊ុយក្រែនដោយប្រយោលក៏ដោយ ។ ប៉ុន្តែក្នុងករណីដែលរុស្ស៊ី ដល់ថ្នាក់ហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយនោះ ច្បាស់ណាស់ថា ពួកគេឈប់ជិះសេះលែងដៃដូចពេលនេះទៀតហើយ ព្រោះអាវុធនុយមួយនេះ ស្មើនឹងការប្រល័យមនុស្សជាតិទាំងមូល មិនថាជនស្លូតត្រង់ ជនស៊ីវិល ទាហាន ឬសត្វនោះទេ គឺត្រូវតែវិនាសអន្តរាយទាំងអស់ ។
គេនៅចាំបានថា អាវុធនុយក្លេអ៊ែរ ធ្លាប់ប្រើប្រាស់២លើកគត់អំឡុងសង្រ្គាមលោកលើកទី២ នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុងរបស់ជប៉ុន គឺគ្រាប់បែក Little Boyមកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ និងគ្រាប់បែក Fat Manមកលើទីក្រុងណាហ្គាសាគី នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៤៥ ។
ខណៈពេលនោះដែរ រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចង្អុលមុខដាក់គ្នាទៅវិញទៅមក នៅអង្គការសហប្រជាជាតិ ជុំវិញលទ្ធភាពនៃការវាយប្រហារដោយប្រើអាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគ្មានភាគីណាមួយអាចរកអំណះអំណាងបញ្ជាក់ពីការចោទប្រកាន់ដាក់គ្នាទៅវិញទៅមករបស់ខ្លួនបានទេ ។
ការអត្ថាធិប្បាយទាំងនោះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកការទូតថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីប្រទេសរុស្ស៊ី បានលើកឡើងពីបញ្ហាមួយចំនួននៃការលិចធ្លាយសារធាតុគីមីឤម៉ូញ៉ាក់ នៅក្នុងទីក្រុងភាគខាងជើង Sumy របស់អ៊ុយក្រែន ដែលរងការហ៊ុមព័ទ្ធ ដោយពួកគេស្ដីបន្ទោសក្រុមអ្នកជាតិនិយមជ្រុលអ៊ុយក្រែន អំឡុងកិច្ចប្រជុំបិទទ្វារនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការចោទប្រកាន់នេះ ត្រូវបានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទាត់ចោលទាំងស្រុង ។
ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyanskiyបាននិយាយថា ទាហានរុស្ស៊ីពុំធ្លាប់មានគម្រោង ឬបើកការវាយប្រហារដាក់គោលដៅលើអគារទាំងឡាយ របស់អ៊ុយក្រែនដែលជាទីកន្លែងសម្រាប់ស្តុកឬ ផលិតសារធាតុគីមីពុលនោះទេ។
លោក Polyanskiy និយាយថា វាច្បាស់ណាស់ថា ក្រុមអាជ្ញាធរជាតិនិយមអ៊ុយក្រែន ដែលត្រូវបានលើកទឹកចិត្តដោយបណ្ដាប្រទេសលោកខាងលិចនោះ នឹងងាកទៅរកមធ្យោបាយបំភិតបំភ័យពលរដ្ឋខ្លួនឯង និង បង្កើតឈុតឆាកវាយប្រហារក្លែងក្លាយ ដើម្បីចោទប្រកាន់រុស្ស៊ី ។
សរុបជារួម សង្រ្គាមនុយក្លេអ៊ែរផ្ទុះ ឬមិនផ្ទុះគឺអាស្រ័យលើមេដឹកនាំរុស្ស៊ីម្នាក់គត់ គឺលោក Vladimir Putin ពីព្រោះថា សង្រ្គាមនៅអ៊ុយក្រែន ក៏ផ្តើមចេញពីរូបលោកម្នាក់គត់ ដែលមិនព្រមស្តាប់ការអំពាវនាវរបស់ពិភពលោក ៕