ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

បរទេស៖យោងតាមអ្នកនាំពាក្យអភិបាលក្រុង Mariupolបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា មនុស្ស​ជិត ៥ពាន់ នាក់ រួមទាំងកុមារ ២១០ នាក់ បានស្លាប់ក្នុងទីក្រុងឡោមព័ទ្ធមួយនេះ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលលុកលុយកាលពីខែមុន ។
អ្នកនាំពាក្យរូបនេះបានដកស្រង់ទិន្នន័យពីការិយាល័យអភិបាលក្រុងថាអគារប្រហែល៩០​ភាគរយក្នុងទីក្រុងកំពង់ផែមួយនេះ ត្រូវបានខូចខាត និងប្រហែល ៤០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។ គេមិនទាន់ច្បាស់ភ្លាមៗទេថាតើចំនួនអ្នកស្លាប់ត្រូវបានគណនាឬរាប់ដោយរបៀបណានោះទេ ។
លោក Vadym Boichenko អភិបាលក្រុង Mariupol បាននិយាយថា ជនស៊ីវិល ១៦ម៉ឺននាក់នាក់ នៅជាប់ក្នុងទីក្រុងដោយគ្មានម៉ាស៊ីនកំដៅ និងអគ្គិសនីប្រើប្រាស់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្ដាហ៍មកនេះ ។
លោកបាននិយាយនៅក្នុងទូរទស្សន៍ជាតិថាស្ថានភាពក្នុងទីក្រុងនៅតែលំបាក ។ ប្រជាពលរដ្ឋកំពុងរងទុក្ខហួសពីបន្ទាត់គ្រោះមហន្តរាយមនុស្សធម៌ទៅទៀត។យើងចាំបាច់ត្រូវជម្លៀសពួកគេទាំងអស់ចេញពីទីក្រុង Mariupol ។
ចំណែកភាគីខាងរុស្ស៊ីវិញ អនុប្រធានអគ្គសេនាធិការយោធារុស្ស៊ីលោកឧត្ដមសេនីយ៍ Sergei Rudskoi បាននិយាយថា ទាហានរុស្ស៊ី ១.៣៥១ នាក់បានស្លាប់នៅក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីចំនួន ៣.៨២៥ នាក់ បានរងរបួស ។
ខណៈពេលនោះដែរ អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ក្នុងទីក្រុងកំពង់ផែ Mariulpol ប្រទេសអ៊ុយក្រែន ។
អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ លោកស្រី Agnes Callamard បាននិយាយអំឡុងពេលសន្និសីទសារព័ត៌មានក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា អង្គការសិទ្ធមនុស្ស នឹងចេញផ្សាយរបាយការណ៍ក្នុងពេលឆាប់ៗនេះ ពីការបំផ្លាញបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុងសមុទ្រAzov ។
យោងតាមការស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថាការឡោមព័ទ្ធទីក្រុង Mariulpol ការបដិសេធការជម្លៀសខ្លួនមនុស្ស និងការដាក់គោលដៅលើជនស៊ីវិល គឺជាឧក្រិដ្ឋកម្ម សង្គ្រាម ។
លោកស្រី Callamardបានចាត់ទុកការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការបំពានលើច្បាប់អន្តរជាតិ។ វាជាការបំពានលើមាត្រារបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានឡោមព័ទ្ធកំពង់ផែយុទ្ធសាស្ត្រសំខាន់និងបានឡោមព័ទ្ធរយៈពេលជាច្រើនសប្តាហ៍វាយប្រយុទ្ធដោយប្រើគ្រាប់រុក្កែតនិងកាំភ្លើងធំដែលបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់។ ទីក្រុង Mariulpol ត្រូវបានមើលឃើញក្នុងស្ថានភាពអាក្រក់បំផុត ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានវាយលុកចូលអ៊ុយក្រែន រយៈពេលជាង១ខែមកនេះ ៕