វីយែន៖ រដ្ឋាភិបាលអូទ្រីស បានប្រកាសអាសន្នស្លន់ស្លោ ទាក់ទងនឹងវិបត្តិផ្គត់ផ្គង់ឧស្ម័នធម្មជាតិ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីមួយថ្ងៃមុន បានប្រកាសអាសន្នបែបនេះ ដោយសាររដ្ឋាភិបាលទីក្រុងវីយែន កាន់តែភ័យខ្លាំងខ្លាចខ្វះឧស្ម័នប្រើប្រាស់ ប្រសិនបើប្រទេសរុស្ស៊ី ទទូចទូទាត់ជាប្រាក់រូពី របស់រុស្ស៊ី ជាជាងប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ។
យោងតាមការចេញផ្សាយ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់បណ្តាញព័ត៌មានរុស្ស៊ី រ៉ាសៀ ធឹដេ (Russia Today) បានឲ្យដឹងថា ការប្រកាសអាសន្នលើកដំណាក់កាលទីមួយនេះ គឺជាការចង្អុលបង្ហាញជាក់ស្តែង និងអាចទុកចិត្តបាននូវវិបត្តនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមលំនៅឋាន ដែលក្រសួងអាកាសធាតុ អូទ្រីស បានលើកឡើងថា ស្ថានភាពខ្វះឧស្ម័ននឹងកាន់តែអាក្រក់ទៅៗ ខណៈឧស្ម័នស្តុកបម្រុងរបស់ប្រទេស នាពេលនេះនៅសល់តែ១៣ភាគរយ ដែលអាចឆ្លើយតបតម្រូវការតាមផ្ទះ ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។
លោក កាល់ ណេហាមមើ (Karl Nehammer) អធិការបតីអូទ្រីស បានមានប្រសាសន៍ កាលពីម្សិលមិញថា «អ្វីគ្រប់យ៉ាងអាចគ្រប់គ្រងបាន ដើម្បីធានាដល់ការផ្គត់ផ្គង់ឧស្ម័នដល់គ្រួសារ និងផ្នែកជំនួញនីមួយៗ របស់ប្រទេសអូទ្រីស ហើយប្រសិនបើមានការរាំងស្ទះវិញនោះ ផ្នែកអាជីវកម្មនឹងតម្រូវឲ្យស្វែងរកជម្រើសផ្សេង ខណៈការប្រកាសអាសន្នអំពីវិបត្តិចែកចាយឧស្ម័ន មិនទាន់ឈានចូលដំណាក់កាលទី៣»។
ការប្រកាសអាសន្នរបស់រដ្ឋាភិបាលអូទ្រីស ក្រុងវីយែន បានកើអាល្លឺម៉ង់ តឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីកង្វះខាតនៅដំណាក់កាលទីមួយដូចគ្នា។ ភាពអាសន្ន ដោយខ្លាចរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនេះ នៅពេលឱសានវាទកាន់តែជិតដល់ថ្ងៃផុតកំណត់ របស់រុស្ស៊ី ដែលតម្រូវបណ្តាឲ្យប្រទេសជាសត្រូវចាប់ផ្តើមទូទាត់ថ្លៃឧស្ម័ន ឬប្រេង ជាទឹកប្រាក់រូពី រុស្ស៊ី។
ប្រទេសអាល្លឺម៉ង់ និងសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ត្រូវបានរុស្ស៊ីចាត់ទុកថា ជាក្រុមប្រទេសសត្រូវជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដោយបណ្តាប្រទេសទាំងនេះ នាំដាក់ទណ្ឌកម្មលើពាណិជ្ជកម្មជាប្រាក់អឺរ៉ូ សងសឹកនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន។
ចំណែករដ្ឋាភិបាលរុស្ស៊ីវិញ បាននិយាយថា ប្រសិនបើរុស្ស៊ីមិនអាចទទួលបានការទូទាត់សម្រាប់ថ្លៃដឹកជញ្ជូនឧស្ម័នធម្មជាតិ ជាប្រាក់អឺរ៉ូ ឬដុល្លារ ដោយសារសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមិនឲ្យរូបិយបណ្ណដុល្លារ ដូច្នេះទាមទារឲ្យបង់ជាប្រាក់រូពីជំនួសវិញ។
នៅពេលមេដឹកនាំសហភាពអឺរ៉ុប បានត្អូញត្អែរអំពីរបៀបបំពានកិច្ចសន្យា រដ្ឋាភិបាលរុស្ស៊ី ឆ្លើយតបថា ទណ្ឌកម្មរបស់ពួកលោកខាងលិច គឺមានទម្រង់បែបនេះ ដែលអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃអង្គារថា រុស្ស៊ីមិនមានចេតនាផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបដោយឥតគិតថ្លៃនោះទេ។
ពាក់ព័ន្ធករណីនេះដែរ សហជីពឧស្សាហកម្មកំពូលរបស់អាល្លឺម៉ង់ បានព្រមានថា ការកាត់ផ្តាច់ឈប់ដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទីផ្សារអឺរ៉ុប អាចបណ្តាលឲ្យដួលរលំយ៉ាងឆាប់រហ័សនៃសង្វាក់ផលិតកម្មឧស្សាហកម្មនៅអឺរ៉ុប ក៏ដូចជានៅទូទាំងពិភពលោកផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់ អូឡាស សូល (Olaf Scholz) បានពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែមីនា ជុំវិញទំនាស់រវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលទីក្រុងប៊ែរឡាំង ព្រមទាំងផលវិបាកដោយសារទំនាស់នេះផងដែរ។
យោងតាមមន្ត្រីក្នុងជួររដ្ឋាភិបាលអាឡឺម៉ង់ បានឲ្យដឹងថា លោក ពូទីន ប្រាប់មេដឹកនាំអាល្លឺម៉ងអំពីការទូទាត់នៅតែអាចធ្វើបាន តាមរយៈធនាគារ ដែលមិនរងការដាក់ទណ្ឌកម្ម ហើយលោក អូឡាស សូល បានស្នើសុំព័ត៌មានលម្អិតជាលាយលក្ខណ៍អក្សរ ដើម្បីយល់កាន់តែច្បាស់នីតិវិធីទូទាត់នេះ។ ចំណែកមន្ត្រីវិមានក្រឹមឡាំង បាននិយាយថា អ្នកជំនាញនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហានេះបន្ថែមទៀត៕