ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារពិភពលោកកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបនៅតំបន់អាស៊ីបូព៌ាដោយសារសង្រ្គាមអ៊ុយក្រែន

ក្រុងវ៉ាស៊ីងតុន៖ធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប(GDP) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២២ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចបង្កឡើងពីការវាយលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ហើយពួកគេបានព្រមានថា តំបន់មួយនេះ អាចនឹងបាត់បង់សន្ទុះបន្ថែមទៀត បើសិនជាស្ថានភាពកាន់តែអាក្រក់ទៅ ។

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតុនមួយនេះបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួននាថ្ងៃអង្គារនេះថា ពួកគេរំពឹងថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលរួមទាំងចិន នឹងកើនឡើងចំនួន ៥ភាគរយ ពោលគឺទាបជាងការព្យាករណ៍កាលពីខែតុលា កន្លងទៅ ដែលមានចំនួន ៥,៤ភាគរយ ។
ធនាគារពិភពលោក បាននិយាយថាប៉ុន្តែកំណើនមួយនេះអាចនឹងធ្លាក់មកនៅត្រឹម៤ភាគរយ បើសិនជាស្ថានភាពកាន់តែអាក្រក់ទៅ ហើយគោលនយោបាយរដ្ឋាភិបាលឆ្លើយតបខ្សោយជាងមុន ។
ពួកគេបន្តថា សេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន៥ភាគរយក្នុងឆ្នាំនេះ ពោលគឺទាបជាងការព្យាករណ៍កាលពីមុន ដែលមានចំនួន ៥,៤ភាគរយ ហើយពួកគេកត់សំគាល់ឃើញពីសមត្ថភាពរដ្ឋាភិបាលចិន ផ្តល់ការលើកទឹកចិត្តដើម្បីទូទាត់ផលប៉ះពាល់អវិជ្ជមាន ។
លោកអាឌីទីយ៉ា ម៉ាទូ ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បាននិយាយថា តំបន់មួយនេះ ប្រឈមនឹងផលប៉ះពាល់ចំនួន ៣ សង្រ្គាមនៅអ៊ុយក្រែន ការរីករាលដាលឆ្លងសកលជំងឺ COVID-19 និងអតិផរណាលឿនជាងមុន ដែលគំរាមកំហែងដល់សន្ទុះកំណើនសេដ្ឋកិច្ច ។
លោកបន្តថា សង្រ្គាមនៅអ៊ុយក្រែន គឺជាហានិភ័យធ្ងន់ធ្ងរបំផុត ធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ៕