ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយ GIZបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”នៅខេត្តសៀមរាប

សៀមរាប៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ«ក​.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ)ក្រោមការគាំទ្រនៃគម្រោង«ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដែលហៅកាត់ថា COMPETE»បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ“ច្បាប់ស្តីពីការប្រកួតប្រជែង​និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” នៅសណ្ឋាគារ Regency Angkor ក្នុងខេត្តសៀមរាប។
លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.»និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.»និងលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបរួមជាមួយលោកJürgen Lehmberg ប្រធានសមាសភាពអភិបាលកិច្ចនៃគម្រោងICONEរបស់ទីភ្នាក់ងារ GIZ។

សិក្ខាសាលានេះមានការចូលរួមពីសាខា ក.ប.ប.មន្ទីរពាណិជ្ជកម្ម មន្ទីរ និងស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាបនិងខេត្តជុំវិញជាពិសេសមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសភាពាណិជ្ជកម្មនិងអាជីវករក្នុងខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ សរុបប្រមាណ១៥០នាក់។
លោក​​ ផាន អូន បាន លើកឡើងថា សិក្ខាសាលានេះមានគោលបំណងជំរុញនិងលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗដែលបាន និងកំពុងកើតមានឡើងពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ក៏ដូចជាជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធអំពីបេសកកម្មនៃច្បាប់ស្ដីពីការប្រកួតប្រជែង ដែលក្នុងការបង្កើតឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់បង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ទាំងនៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈការកំណត់នូវ «វិធាននៃការប្រកួតប្រជែង (Rules of the Game)» ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។
លោក​​ ផាន អូន បានជម្រាបជូនអង្គសិក្ខាសាលាអំពីសារៈសំខាន់របស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលបានផ្តល់ឱកាសក្នុងការបង្កើតសមាគមអ្នកប្រើប្រាស់ ការលើកកម្ពស់សិទ្ធិរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់អាចវិវត្តន៍ខ្លួនឱ្យក្លាយទៅជាអ្នកប្រើប្រាស់ដែលវ័យឆ្លាត(SMART CONSUMERS) ហើយច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនឹងបញ្ជ្រាបវប្បធម៌នៃការប្រកួតប្រជែងដោយស្មើភាពតាមរយៈការផ្សព្វផ្សាយក៏ដូចជាការជំរុញការយល់ដឹងរបស់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ វិស័យឯកជនប្រព័ន្ធតុលាការដៃគូអភិវឌ្ឍន៍បណ្តាញផ្សព្វផ្សាយនិងសាធារណជនទូទៅ លើបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាស្ថាប័នទាំងនោះមើលឃើញពីផលប្រយោជន៍នៃការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងនោះផងដែរ លោក​​ប្រតិភូក៏បានទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់នូវសិក្ខាសាលានាថ្ងៃនេះជាវេទិកាមួយ ក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់និងធុរជនសភាពាណិជ្ជកម្ម សាខា ក.ប.ប. និងមន្ទីរ ក្នុងខេត្តសៀមរាបក៏ដូចជាបណ្តាខេត្តជុំវិញ ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងជាពិសេសគឺការផ្លាស់ប្តូរចែករំលែកនូវបទពិសោធន៍ល្អៗការស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានានិងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរពក៏ដូចជាអនុវត្តច្បាប់ទាំងពីរនេះឱ្យមានប្រសិទ្ធភាព។