ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖ ការប្រទាញប្រទង់គ្នាយកត្រូវយកខុសនៅតែកើតមានឡើងជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី

បរទេស៖ ប្រទេសចិនបាននិយាយថា រូបភាពនៃការស្លាប់ជនស៊ីវិលក្នុងទីក្រុង Buchaរបស់ប្រទេសអ៊ុយក្រែន កំពុងរំខានយ៉ាងខ្លាំង ប៉ុន្តែមិនគួរទម្លាក់កំហុសឲ្យគ្នាឡើយរហូតរកឃើញការពិត ។
ការលេចចេញភស្តុតាងនៃអ្វីដែលបង្ហាញការសម្លាប់រង្គាលលើជនស៊ីវិល ក្រោយរុស្ស៊ីដកកងទ័ពចេញពីតំបន់រដ្ឋធានី Kyiv អាចបង្កភាពស្មុគស្មាញដល់ការប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការដឹកនាំគំនិតជាសាធារណៈជុំវិញជម្លោះដែលចិនមិនព្រមរិះគន់ក្រុង Moscow ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនគាំទ្រការផ្ដួចផ្ដើម និងវិធានការទាំងឡាយ ជួយកាត់បន្ថយវិបត្តិមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន និងត្រៀមបន្តធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការប៉ះពាល់ទាំងឡាយដល់ជនស៊ីវិល ។
លោក Zhao បាននិយាយថា ការពិត និងមូលហេតុនាំឲ្យមានឧបទ្ទវហេតុកើតឡើងត្រូវតែផ្ទៀងផ្ទាត់ ។ គ្រប់ភាគីទាំងអស់គួរតែរក្សាការអត់ធ្មត់និងជៀសវាងការចោទប្រកាន់ទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក មុនការសន្និដ្ឋាននៃការស៊ើបអង្កេត ត្រូវបានកំណត់ ។
ដោយឡែកប្រទេសអ៊ុយក្រែនចង់ឲ្យមានការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតខាងសេដ្ឋកិច្ចឲ្យសមល្មមដែលរុស្ស៊ី ត្រូវបញ្ចប់សង្រ្គាមរបស់ខ្លួន បន្ទាប់ពីការចោទប្រកាន់ថាប្រទេសមួយចំនួននៅតែយកលុយជាធំជុំវិញការដាក់ទណ្ឌកម្មចំពោះការសម្លាប់ជនស៊ីវិលដែលលោកខាងលិចថ្កោលទោសថាជាឧក្រិដ្ឋកម្មសង្រ្គាម ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយក្នុងសារជាវីដេអូប្រចាំថ្ងៃរបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាពិភពលោកពោពេញដោយប្រជាធិបតេយ្យត្រូវតែឈប់ទិញប្រេងរបស់រុស្ស៊ី និងកាត់ផ្ដាច់ធនាគាររុស្ស៊ីទាំងស្រុងចេញពីប្រព័ន្ធហិរញ្ញវត្ថុ ។
ក្រោយពីរូបភាពសាកសពជនស៊ីវិលដេកស្លាប់ពាសវាលពាសកាលតាមផ្លូវក្នុងទីក្រុង Bucha នាំឲ្យមានការថ្កោលទោសជាអន្តរជាតិ លោក Zelenskiyy បាននិយាយថាកងកម្លាំងវិមានក្រឹមឡាំង កំពុងព្យាយាមបិទបាំងភស្តុតាងនៃអំពើឃោរឃៅរបស់ខ្លួន ។
លោក Zelenskiyy បាននិយាយដោយពុំបានផ្ដល់ភស្តុតាងថា យើងមានព័ត៌មានដែលថា យោធារុស្ស៊ីផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន និងកំពុងព្យាយាមយកសាកសពមនុស្សដែលត្រូវបានសម្លាប់ចេញពីតាមផ្លូវនិងបន្ទប់ក្រោមដី នេះជាការប៉ុនប៉ងលាក់បាំងភស្តុតាង ។ លោក បានអំពាវនាវផងដែរឱ្យពលរដ្ឋរុស្ស៊ីតវ៉ាប្រឆាំងសង្គ្រាម ។
លោក បាននិយាយទៅកាន់ប្រជាជនរុស្ស៊ីជាភាសាកំណើតរបស់ពួកគេថាពេលនេះគឺជាពេលវេលាសំខាន់ដោយបានជំរុញឱ្យអ្នកដែលមិនយល់ព្រមក្នុងជម្លោះត្រូវទាមទារឱ្យបញ្ចប់ ។ លោកបានថ្លែងថាវាចាំបាច់ដើម្បីទាមទារឲ្យមានការបញ្ចប់សង្គ្រាម ។
លោក Zelenskyy និយាយថាការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលប្រកាសដោយបណ្តាប្រទេសលោកខាងលិចគឺមិនទាន់គ្រប់គ្រាន់នោះទេ ។
ខណៈពេលនោះដែរ មន្ទីរបញ្ចកោណបាននិយាយថាកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញទាំងស្រុងពីរដ្ឋធានី Kyiv របស់អ៊ុយក្រែន និងទីក្រុង Chernihiv ទៅភាគខាងជើងរបស់ខ្លួន ខណៈទីក្រុង Moscowត្រៀមប្រមូលផ្តុំកងកម្លាំងវាយលុករបស់ខ្លួននៅភាគខាងកើតប្រទេស ។
មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយដោយសុំមិនបញ្ចេញឈ្មោះក្រោមលក្ខខណ្ឌកំណត់ដោយមន្ទីរបញ្ចកោណថា យើងកំពុងវាយតម្លៃថា ជនជាតិរុស្ស៊ីទាំងអស់បានចាកចេញ។ ការចាកចេញរបស់ពួកគេទាំងស្រុងត្រូវបានបញ្ជាក់ត្រឹមតែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយប៉ុណ្ណោះ ដោយព្រមានថាកងកម្លាំងរុស្ស៊ីប្រហែលជាបានបន្សល់ទុកគ្រាប់មីន ដែលត្រូវការសម្អាតជាចាំបាច់ ។
មន្ត្រីចារកម្មអាមេរិក និងអឺរ៉ុប បានតាមដានអស់ជាច្រើនថ្ងៃមកហើយថា រុស្ស៊ីកំពុងស្ថិតក្នុងការកំណត់ទិសដៅឡើងវិញ បន្ទាប់ពីបានជួបប្រទះនឹងការតស៊ូដ៏ខ្លាំងក្លា និងទទួលរងនូវការបាត់បង់ជីវិតរាប់ម៉ឺននាក់ នៅភាគខាងជើងអ៊ុយក្រែន ។
សូមបញ្ជាក់ថា សម្ពាធពីប្រទេសលោកខាងលិចសម្រាប់ទណ្ឌកម្មថ្មីបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនដណ្តើមយកមកវិញការគ្រប់គ្រង ទីក្រុង Bucha ក្រោយកងទ័ពរុស្ស៊ីដកថយ។
ជនរងគ្រោះមួយចំនួនដៃមានជាប់ចំណងនិងត្រូវបានគេបាញ់ចំក្បាល ហើយរូបភាពពីផ្កាយរណប បង្ហាញថាសាកសពនៅរាយប៉ាយតាមផ្លូវចាប់តាំងពីពាក់កណ្តាលខែមីនាក្នុងពេលយោធារុស្ស៊ីកំពុង កាន់កាប់ទីក្រុងនេះ ៕