ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

ភ្នំពេញ:មនុស្សជាង៣០នាក់ត្រូវបានសម្លាប់និងមនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលជនស៊ីវិល ព្យាយាមជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះនៅក្នុងប្រទេសអ៊ុយក្រែន ។
ការវាយប្រហារមកលើស្ថានីយ៍រថភ្លើងដ៏មមាញឹកនៅក្នុងទីក្រុងក្រាម៉ា តូស(Kramatorsk) បណ្តាលឲ្យសាកសពមនុស្សរាយប៉ាយពាសពេញកម្រាលឥដ្ឋ ដេកដួលនៅជិតឥវ៉ាន់ដែលគេទុកចោល និងរទេះរុញទារក ។ រូបភាពដែលថតបាន ឃើញបំណែកមីស៊ីលនៅលើស្មៅស្ថិតនៅខាងក្រៅស្ថានីយ៍រថភ្លើង ។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀហ្សេឡេនស្គីបានសរសេរនៅលើបណ្តាញសង្គម Instagramថា លោកមិនអាចទទួលយកបាននោះទេចំពោះការវាយប្រហារបែបនេះ ហើយលោកបានបញ្ជាក់ពីសេចក្តីរាយការណ៍គ្រោះថ្នាក់ស្លាប់ និងរងរបួស ។
លោកបានសរសេរថា កងកម្លាំងរុស្ស៊ី កំពុងបំផ្លាញប្រជាពលរដ្ឋឆៅៗ ។ នេះគឺជាបិសាចដែលគ្មានដែនកំណត់ ហើយបើសិនជាគ្មានការដាក់ទោសទេនោះ វានឹងមិនឈប់នោះទេ ។
ដោយឡែក អភិបាលក្រុងក្រាម៉ាតូស បាននិយាយថា មានជនស៊ីវិលប្រហែល ៤ពាន់នាក់ នៅក្នុងស្ថានីយ៍រថភ្លើង ពេលដែលវារងការវាយប្រហារ ដោយមីស៊ីល ។
លោកនិយាយថា ភាគច្រើននៃពួកគេ គឺជាស្រ្តី មនុស្សចាស់ និងកុមារដែលត្រៀមខ្លួនជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ ស្របពេលដែលទាហានរុស្ស៊ី បើកការវាយប្រហារមកលើតំបន់ភាគខាងកើតអ៊ុយក្រែន ៕