កំពង់ឆ្នាំង៖ ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ជិតប្រាំសែនដុល្លារ សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ បន្ទាប់ពីតុលាការខេត្តកំពង់ឆ្នាំង សម្រេចដោះលែងជនល្មើសឲ្យនៅក្រៅឃុំ ក្រោយពីចាប់ខ្លួនបានមួយរយៈពេលខ្លី។
លោក ហ៊ុន ចំរើន ដែលអះអាងថា ជាម្ចាស់ទឹកប្រាក់ជិតប្រាំសែនដុល្លារនេះ ក៏បានសំណូមពរដល់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងទទូចដល់ស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយពិនិត្យមើលចំណាត់ការរបស់តុលាការខេត្តកំពង់ឆ្នាំង ព្រោះលោកអស់ជំនឿ ក្រោយមានការដោះលែងជនល្មើសឲ្យរួចពីការឃុំខ្លួនក្នុងគុក។
ដោយសារងអំពើអយុត្តធម៌នេះ ជនរងគ្រោះក៏បានស្នើសុំដល់អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើភាពមិនប្រក្រតីរបស់ចៅក្រមផងដែរ។
ជនសង្ស័យទាំងពីរនាក់ជាគូស្នេហ៍នឹងគ្នា គឺឈ្មោះ គឹម ណារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជាទាហានផ្កាយពីរ មានទីលំនៅផ្ទះលេខ១០១P ផ្លូវ២០៩B បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះពីរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកម្នាក់ទៀត ឈ្មោះ កែវ ស្រីវ៉ាង ហៅ ទេស មីនា ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់ខ្លួន ពេលធ្វើដំណើររួមគ្នា លើផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង – ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកបានបានចោទប្រកាន់ថា សង្ស័យឈ្មោះ គឹម ណារិទ្ធ គឺជាមេក្លោងឆបោកប្រាក់អស់ជិតប្រាំសែនដុល្លារ ហើយដីដែលយកមកលក់ឲ្យជនរងគ្រោះនោះ គឺឈ្មោះ គឹម ណារិទ្ធ ជាអ្នកលួចចូលក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីលួចផ្ទេរកម្មសិទ្ធពីម្ចាស់ដី ឈ្មោះ នូ ណារ៉ុង ដែលជាទណ្ឌិត កំពុងអនុវត្តទោសនៅពន្ធនាគារ ក្នុងគោលបំណងយកដីដើរលក់ និងឆបោកប្រាក់គេតែប៉ុណ្ណោះ។
អ្នកទាំងពីរ ត្រូវបានតំណាងអយ្យការខេត្តកំពង់ឆ្នាំងចោទប្រកាន់ពីបទ ឆបោក, លួចលក់អចលនវត្ថុរបស់អ្នកដទៃ និងការមិនគោរពសេចក្តីសម្រេចរបស់តុលាការ និងត្រូវបានចាប់ឃាត់ខ្លួនតាមដីការបស់តុលាការ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន ដែលបានចោទប្រកាន់អ្នកទាំងពីរនេះថា បានលួចយកដីដែលជាប់រក្សាការពារ និងបានឆបោកប្រាក់ពីខ្លួនអស់ជិតប្រាំសែនម៉ឺនដុល្លារ។
លោក ហ៊ុន ចំរើន បានឲ្យអ្នកសារព័ត៌មានដឹងថា លោកសង្ស័យចៅក្រមតុលាការខេត្តកំពង់ឆ្នាំង ទទួលបានប្រាក់ចំនួនបីម៉ឺនដុល្លារ ទើបដោះលែងឈ្មោះ គឹម ណារិទ្ធិ ខណៈឈ្មោះ កែវ ស្រីវ៉ាង នៅបន្តជាប់ឃុំក្នុងពន្ធនាគារខេត្ត។
លោក ហុង គឹមហាក់ ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ នាព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា តាមដីកាបង្គាប់របស់តុលាការខេត្តកំពង់ឆ្នាំង សមត្ថកិច្ចពិតជាបានចាប់ខ្លួនឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង កាលពីមុនថ្ងៃចូលឆ្នាំមែន ប៉ុន្តែបានដោះលែងម្នាក់ទៅវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យរបស់តុលាការ។
លោកបានមានប្រសាសន៍ដូច្នេះថា «យើងពិតជាបានចាប់ឈ្មោះខាងលើហ្នឹងពិតប្រាកដមែន ហើយយើងបានឃុំខ្លួន ឈ្មោះ កែវ ស្រីវ៉ាង ឯចំណែកលោក គឹម ណារិទ្ធ ត្រូវបានដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ [ឈ្មោះ គឹម ណារិទ្ធ] ត្រូវបានដោះលែង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២»៕