ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមមេដឹកនាំ IMF និង World Bankជជែកគ្នាពីសង្រ្គាមនិងសេដ្ឋកិច្ចសកលលោក

អាមេរិក៖ មេដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)និងធនាគារពិភពលោក(World Bank) បានពិភាក្សាពីការព្យាករណ៍លើសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ដោយសារសង្រ្គាមអ៊ុយក្រែន ដល់ដំណើរការទៅមុខរបស់ខ្លួន ។
ប្រធានគ្រប់គ្រង IMFលោកស្រី គ្រីស្តាលីណា ចចជីវ៉ា និងប្រធានWorld Bankលោក ដេវីដ ម៉ាល់ផាស់ បានជជែកគ្នាអំឡុងជំនួបប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ។
សេដ្ឋកិច្ចពិភពលោក បានងើបឡើងវិញជាមួយសន្ទុះកម្លាំងដ៏គួរភ្ញាក់ផ្អើលពីឆ្នាំ ២០២០ ប៉ុន្តែបានជួបដំណើរធ្លាក់សេដ្ឋកិច្ចខ្លាំងដោយសារជំងឺ COVID-19 ។
IMFព្យាករណ៍ពីការហក់ឡើងខ្ពស់តម្លៃអ្នកប្រើប្រាស់ចំនួន៥,៧ភាគរយនៅតាមប្រទេសសេដ្ឋកិច្ចជឿន​លឿន​របស់ពិភពលោក ក្នុងឆ្នាំនេះ ដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៨៤ ។
នៅសហរដ្ឋអាមេរិក អតិផរណា កំពុងហក់ឡើងខ្ពស់ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ។ ធនគារកណ្តាលអាមេរិក កំពុងដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការហក់ឡើងខ្ពស់តម្លៃប្រើប្រាស់ គឺជាវិបត្តិមួយ អាចរារាំងដល់កំណើនសេដ្ឋកិច្ច ។
ដោយជំរុញឲ្យតម្លៃប្រេងកើនឡើង តម្លៃឧស្ម័នធម្មជាតិកើនឡើង និងតម្លៃទំនិញផ្សេងទៀតកើនឡើង សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី បានធ្វើឲ្យការងាររបស់ពួកគេកាន់តែពិបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ខណៈអភិរក្សការងើបឡើងវិញសេដ្ឋកិច្ច ។
IMFកត់សំគាល់ឃើញថា ជម្លោះនេះដែរ បានធ្វើឲ្យមានវិបត្តិជនភៀសខ្លួនធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ហើយនិងកាត់បន្ថយការផ្គត់ផ្គង់ និងធ្វើឲ្យតម្លៃជី និងគ្រាប់ធុញ្ញជាតិឡើងខ្ពស់ ដែលផលិតផលទាំងនេះ ផលិតនៅរុស្ស៊ី និងអ៊ុយក្រែន និងគំរាមកំហែងដល់សន្តិសុខស្បៀងអាហារនៅអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ៕