បរទេស៖ សង្រ្គាមអ៊ុយក្រែនអាចនឹងឆាបឆេះកាន់តែខ្លាំងក្លាជាងនេះក្រោយពេលដែលអាមេរិក និងលោកខាងលិច សន្យាផ្តល់គ្រឿងសញ្វវុធបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងគីវ ខណៈដែលរុស្ស៊ី ព្រមានទីក្រុងវ៉ាស៊ីងតោនពីផលវិបាកមិនអាចនឹកស្មានដល់នោះ ។
រុស្ស៊ីធ្លាប់បានព្រមានសហរដ្ឋអាមេរិករួចហើយថានឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់ បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្រ្គាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់ការដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិយាយថា យន្តហោះដឹកអាវុធចំនួន៧គ្រឿង របស់សហរដ្ឋអាមេរិកទៅអ៊ុយក្រែន នឹងធ្វើដំណើរទៅសហភាពអឺរ៉ុប ក្នុងពេល២៤ម៉ោងទៀត ខណៈបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន បានប្ដេជ្ញាគាំទ្រផ្នែកគ្រឿងសព្វាវុធបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីក្នុងភាគខាងកើត ។
គ្រឿងសព្វាវុធនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាទិញអាវុធក្នុងទំហំទឹកប្រាក់ចំនួន៨០០លានដុល្លារអាមេរិកដែលរដ្ឋបាលរបស់លោកJoe Bidenបានអនុម័តកាលពីសប្ដាហ៍មុន ដែលរួមទាំងប្រព័ន្ធកាំភ្លើងធំ គ្រាប់កាំភ្លើងធំ រថពាសដែក និងឧទ្ធម្ភាគចក្រ។
រដ្ឋធានី Kyiv បានអំពាវនាវ រកអាវុធ និងការគាំទ្រ បន្ថែមទៀតដើម្បីទប់ទល់នឹងការវាយប្រហារដំណាក់កាលទី២របស់ក្រុង Moscow នៅតំបន់ភាគខាងកើត Donbas ជាទីដែលកងកម្លាំងរុស្ស៊ីកំពុងប្រមូលផ្ដុំបន្ទាប់ពីការដកកម្លាំងរបស់ពួកគេចេញពីតំបន់ជាយរដ្ឋធានីរបស់អ៊ុយក្រែន ។
មន្ទីរបញ្ចកោណបាននិយាយថា ទាហានអ៊ុយក្រែនបានទទួលយន្តហោះបន្ថែមទៀតព្រមទាំងគ្រឿងបន្លាស់សម្រាប់ជួសជុលយន្តហោះដែលរងការខូចខាតដើម្បីអាចហោះហើរឡើងវិញ ។
សេតវិមាននិយាយថា ឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងក្លាប្រធានាធិបតីអាមេរិកលោក Joe Bidenនិងបណ្ដាមេដឹកនាំលោកខាងលិចបានពិភាក្សាពីការបង្កើនជំនួយយោធាសេដ្ឋកិច្ច និងគាំទ្រមនុស្សធម៌ ដល់រដ្ឋាភិបាលអ៊ុយក្រែន និងមធ្យោបាយបញ្ឈប់សកម្មភាពកងទ័ពរបស់ទីក្រុង Moscow ។
ខណៈពេលនោះដែរ អភិបាលតំបន់Luhanskលោក Serhiy Gaidaiបាននិយាយថាកងកម្លាំងរុស្ស៊ី បានដណ្ដើមយកទីក្រុង Kreminnaនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែនបានដកចេញពីទីក្រុងមួយនេះ ។
ទីក្រុង Kreminna ដែលមានប្រជាជនជាង១៨.០០០នាក់មុនពេលមានសង្រ្គាមជាមួយរុស្ស៊ីក្លាយជាទីក្រុងដំបូងដែលត្រូវបានបញ្ជាក់ថាត្រូវកងកម្លាំងរុស្ស៊ីដណ្ដើមបានចាប់តាំងពីពួកគេបានបើកការវាយប្រហារជាថ្មី នៅក្នុងតំបន់ Donbasភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
លោក Serhiy Gaidai បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុង Kreminna បានស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីហើយ ។ ពួកគេបានចូលក្នុងទីក្រុងនេះ។ អ្នកការពាររបស់ពួកលោកត្រូវតែដកថយ ។
ពួកគេបានចូលកាន់កាប់ក្នុងទីតាំងថ្មីៗជាច្រើនកន្លែង និងបន្តវាយប្រយុទ្ធប្រឆាំងនឹងទាហានអ៊ុយក្រែន ។
ប៉ុន្តែលោកពុំបាននិយាយថាតើកងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុង Kreminna នៅពេលណានោះទេ ដោយលោកគ្រាន់តែនិយាយថា ទាហានរបស់រុស្ស៊ី បានវាយប្រហារចេញពីគ្រប់ច្រកទាំងអស់ ។
អភិបាលតំបន់ Luhansk រូបនេះ បាននិយាយដោយពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេថាតើអាចមានចំនួនអ្នកស្លាប់សរុបប៉ុន្មាននាក់ ។ គេមិនអាចគណនាចំនួនអ្នកស្លាប់ក្នុងចំណោមជនស៊ីវិលបានទេ។ ពួកយើងមានស្ថិតិផ្លូវការ គឺមនុស្សប្រហែល ២០០នាក់បានស្លាប់ តែអ្នកស្លាប់ពិតប្រាកដអាចមានច្រើនជាងនេះទៀត ។
ដោយឡែក រុស្ស៊ីបានផ្ដល់ឱសានវាទថ្មីឲ្យក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ដែលនៅតែបន្តលាក់ខ្លួនក្នុងទីក្រុង Mariupol ឲ្យទម្លាក់អាវុធចុះ នៅថ្ងៃពុធនេះ ខណៈពួកគេជំរុញការរុលទៅមុខដណ្ដើមជោគជ័យឲ្យខានតែបាន ក្នុងការវាយប្រហារជាថ្មីក្នុងភាគខាងកើត ។
កងកម្លាំងរុស្ស៊ីរាប់ពាន់នាក់ដែលត្រូវបានគាំទ្រដោយកាំភ្លើងធំ និងការបាញ់ស្រោចដោយគ្រាប់រ៉ុក្កែត កំពុងរុលទៅមុខដូចអ្វីដែលក្រុមមន្ត្រីអ៊ុយក្រែនបានហៅថាជាសង្រ្គាមតំបន់ Donbas ។
ការវាយប្រហាររបស់រុស្ស៊ីជិត៨សប្ដាហ៍ បានបរាជ័យក្នុងការដណ្ដើមយកទីក្រុងធំៗបំផុតរបស់អ៊ុយក្រែន ដោយបង្ខំឲ្យក្រុង Moscow ផ្ដោតជាថ្មីទាំងនៅក្នុងនិងជុំវិញតំបន់នានារបស់ក្រុមផ្ដាច់ខ្លួន ។
នេះគឺជាការវាយប្រហារដ៏ធំបំផុតនៅរដ្ឋក្នុងតំបន់អឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៤៥ មក ទោះយ៉ាងណាក៏ដោយ គេបានមើលឃើញថាសង្គ្រាមនេះបានបង្ខំឲ្យមនុស្សជិត៥លាននាក់ ភៀសខ្លួនចូលទៅប្រទេសជិតខាងនិង បណ្ដាលឲ្យទីក្រុងជាច្រើន គ្របដណ្ដប់ដោយកម្ទេចថ្ម បែកបាក់ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ(U.N)លោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត សុំឲ្យផ្អាកការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនអំឡុងសប្តាហ៍បរិសុទ្ធនៃគ្រិស្តសាសនិកនិកាយអូថូដុក សម្រាប់គ្រឹស្តសាសនិក ដែលជាពេលវេលាបួងសួងពិធីបុណ្យ Easter ទទូចឲ្យផ្អាករយៈពេល ៤ ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌និងការជម្លៀសប្រជាពលរដ្ឋចេញ។
ដោយរដូវកាលបុណ្យ Easter នឹងមកដល់នៅថ្ងៃអាទិត្យ ទី២៤ ខែមេសាខាងមុខនេះ ចំពេលមានការវាយលុករបស់រុស្ស៊ីកាន់តែខ្លាំងឡើងនៅភាគខាងកើតអ៊ុយក្រែន ប្រមុខ U.N បាននិយាយថា តម្រូវការសម្រាប់បទឈប់បាញ់គឺជារឿងបន្ទាន់ជាងគេ ។
លោកនិយាយថា ការវាយលុក និងការស្លាប់ដ៏រង្គាលលើជនស៊ីវិល ដែលយើងបានឃើញកន្លងមក អាចយកទៅប្រៀបធៀបបានទៅនឹងភាពរន្ធត់ដែលអាចនឹងកើតឡើងនៅពេលខាងមុខ ។ លោក បានជំរុញឲ្យទាហានរុស្ស៊ី និងអ៊ុយក្រែន ទម្លាក់កាណុងកាំភ្លើង និងបង្កើតផ្លូវទៅកាន់សុវត្ថិភាពសម្រាប់មនុស្សជាច្រើនដែលប្រឈមហានិភ័យភ្លាមៗ ។ លោកបានស្នើឲ្យផ្អាកបាញ់គ្នា ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ ដែលជាថ្ងៃបរិសុទ្ធសម្រាប់គ្រិស្តបរិស័ទនិកាយអូថូដុក ដែលប្រជាជនអ៊ុយក្រែនភាគច្រើនកាន់និកាយមួយនេះ ៕