ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfiរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីតាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ កាលពី​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក​​ Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។
លោក​​រដ្ឋមន្រ្តី បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះ លោក​​ Muhammad Lutfi និងសហការី ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រក្នុងអំឡុងពេលនៃកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាប្រធានដឹកនាំកន្លងមកតួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិសេសកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) កាលពីមីនាកន្លងទៅដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងផ្លែផ្កា។
លោក​​រដ្ឋមន្រ្តីបន្តថា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗនិងមានស្រាប់នានា ក្នុងគោលបំណងជំរុញការពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យរឹតតែប្រសើរទ្បើងបន្ថែមទៀត។
បន្ថែមពីនេះ លោក​​រដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន (ASEAN Intratrade) ចំពោះទំនិញសក្តានុពលនានារបស់រដ្ឋជាសមា​ជិកអាស៊ាន សំដៅពន្លឿនការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់។
ក្នុងនោះ កិច្ចពិភាក្សា ក៏បានផ្តោតសំខាន់លើការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Special Meeting) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ផងដែរ។
លោក​​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានផ្តល់ការគាំទ្រយ៉ាងពេញលេញនិងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
រដ្ឋមន្រ្តី Muhammad Lutfi បញ្ជាក់ថា លោក​យល់ស្រប និងគាំទ្រផងដែរ ចំពោះយន្តការជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដើម្បីអាចប្រើប្រាស់ពាណិជ្ជកម្មអាស៊ានឱ្យសក្តា​នុពល ដោយផ្អែកលើគោលការណ៍មជ្ឍភាពអាស៊ាន។