ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកទិញដីពីឧកញ៉ា នួន អក នៅខេត្តកំពត ជិតបួនឆ្នាំហើយ សុំទារលុយវិញ ព្រោះមិនទទួលបានប្លង់រឹង 

ភ្នំពេញ៖ បុរសពីរនាក់ ដែលជឿទុកចិត្តលើលោកឧកញ៉ាឆាដីលក់ ឈ្មោះ នួន អក បានរអ៊ូរទាំថា ពួកគាត់បានទិញដី តាំងពីឆ្នាំ២០១៨ សរុបប្រាំប្លង់ ស្ដិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ នៅតែមិនទាន់ទទួលប័ណ្ណកម្មសិទ្ធិ ប្លង់រឹងនៅឡើយ ទោះបីជាបានបង់ប្រាក់ចប់សព្វគ្រប់ក៏ដោយ ដូច្នេះពួកគាត់សុំទារលុយវិញ។

បុរសទាំងពីរនាក់ បាននិយាយរំឭកថា ពួកគាត់ក្លាយជាជនរងគ្រោះ ក្នុងចំណោមអ្នកទិញដីជាច្រើននាក់ ដែលបានបង់រំលស់ដីឡូតិ៍ ក្នុងគម្រោងខាងលើតាំងពីឆ្នាំ២០១៨មកម្ល៉េះ  ក្នុងតម្លៃ១ ២០០០ដុល្លារ ក្នុងមួយប្លង់ ដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា បង់ចាប់ពីប្រាំមួយ ទៅប្រាំបួនខែនឹងទទួលបានប្លង់រឹង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់បានទទួលប្លង់រឹងនៅឡើយទេ ហើយគម្រោងនេះ ក៏មិនមានការអភិវឌ្ឍអ្វីដែរ សូម្បីតែបង្គោលសម្គាល់ក្បាលដីក៏គ្មានផង។  

លោក ប៊ុត សំឡូត បាននិយាយថា លោកបានទិញដីពីគម្រោងរបស់លោកឧកញ៉ា នួន អក ចំនួនចំនួនបីឡូតិ៍ ក្នុងតម្លៃសរុប៣ ៦០០០ដុល្លារ ដោយចាប់ផ្ដើមបង់កាលពីឆ្នាំ២០១៨ ហើយលោកក៏បានបង់លុយដាច់អស់់ដែរ នៅឡើយតែប្លង់រឹងមិនទាន់បានដល់ដៃ។ ចំណែកលោក ថៃ ចាន់ធុន បាននិយាយបន្តថា លោកបានបង់រំលស់ចប់សព្វគ្រប់សម្រាប់ដីពីរឡូតិ៍ ក្នុងតម្លៃសរុប២ ៤០០០ដុល្លារ ហើយក៏មិនទាន់ទទួលបានប្លង់រឹងដែរ។

អ្នកទាំងពីរបានរំឭកថា លោកបានទៅដល់ទីស្នាក់ការគម្រោងលក់ដីនេះ ដើម្បីសួរនាំព័ត៌មានអំពីការចេញប្លង់រឹង ប៉ុន្តែខាងខាងភាគីម្ចាស់គម្រោងតែងតែនិយាយពន្យាពេលពីមួយថ្ងៃ ទៅមួយថ្ងៃ ដោះសារយករួចខ្លួន រហូតធ្វើឲ្យពួកគាត់លែងមានទំនុកចិត្តទៀតហើយ។ 

ដោយសារការទន្ទឹងរងចាំប្លង់រឹងយូរពេក លោក ប៊ុត សំឡូត និងលោក ថៃ ចាន់ធុន បាននិយាយទាមទារឲ្យភាគីម្ចាស់គម្រោងសងលុយឲ្យពួកលោកវីញ ព្រោះពួកលោកលែងចង់បានដី ដែលមិនមានប្លង់សម្គាល់កម្មសិទ្ធិត្រឹមត្រូវ ដូចបានកំណត់នៅក្នុងកិច្ចសន្យាលក់-ទិញ។

សូមបញ្ជាក់ថា គម្រោងដីឡូតិ៍របស់លោកឧកញ៉ា នួន អក ដែលមានបញ្ហាជាមួយអ្នកទិញនេះ ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលកាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានលោក ផាត ភារម្យ ដែលជាដៃគូភាគហ៊ុនរបស់លោកឧកញ៉ា នួន អក បែរជាចេញលិខិតឆ្លើយបំភ្លឺថា លោកឧកញ៉ា នួន អក បានលក់ភាគហ៊ុនវិនិយោគទាំងអស់ឲ្យលោកអស់ហើយ តាំងពីឆ្នាំ២០២១មកម្ល៉ះ ហើយលោកឧកញ៉ា នួន អក ពុំមានភាគហ៊ុន ឬចំណែកណាមួយក្នុងគម្រោងនោះទៅវិញ។

ពាក់ព័ន្ធបញ្ហានេះ យើងមិនអាចសុំការបំភ្លឺ និងបកស្រាយការចោទប្រកាន់ខាងលើនេះ ពីលោកឧកញ៉ា នួន អក បានទេ។

សូមរំឭកថា ករណីទិញដីហើយ មិនទាន់ទទួលបានប្លង់រឹង ឬរកដីពិតប្រាកដមិនឃើញ បានប្តឹងតវ៉ាទៅលោក ម៉ៅ ធនិន អភិបាលខេត្តកំពតឲ្យរកយុត្តិធម៌ រហូតលោកឧកញ៉ាចេញមុខបកស្រាយ និងសងលុយគេវិញ ទាំងយប់ថែមទៀតផង។

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ឡុង សុភ័ក្រ្ត អាយុ៣៧ឆ្នាំ បានដាក់ពាក្យបណ្តឹងយជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីសុំជួយរកយុត្តិធម៌ ករណីលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ឆបោកប្រាក់អស់ជាមួយម៉ឺនដុល្លារ ក្នុងកិច្ចព្រមព្រៀងទិញ-លក់ដី។

អ្នកស្រី បានអះអាងក្នុងពាក្យបណ្តឹងនេះថា លោកឧកញ៉ា នួន អក បានឆបោកប្រាក់របស់ខ្លួនចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍មួយកន្លែង មានគម្រោងឈ្មោះថា ឌឺសាគូរ៉ាផាក ឡេន ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលលអ្នកស្រីបានសម្រេចចិត្តទិញ ដោយមើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ គឺដីឡូតិ៍លេខF3 មានទំហំ៨០០ម៉ែត្រក្រឡា ក្នុងតម្លៃលក់សរុប គឺ២៤,០០០ដុល្លារ ហើយបានកក់ប្រាក់ចំនួន១០,០០០ដុល្លារ។

ក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក បានសន្យាថា បន្ទាប់ពីប្រគល់ប្រាក់កក់រួចរយៈពេល៣០ថ្ងៃ អ្នកស្រីអាចប្រើប្រាស់ដី និងអាស្រ័យផល ដោយមានការចាក់ដីលុបរួចរាល់ មានប្រព័ន្ធទឹកស្អាត តភ្ជាប់ប្រព័ន្ធភ្លើងរដ្ឋ មានប្រព័ន្ធលូ និងផ្លូវបេតុងរួចរាល់។ ប៉ុន្តែការសន្យានោះ គឺវាគ្រាន់តែជាការកុហក់បោកប្រាស់ជនរងគ្រោះតែប៉ុណ្ណោះ ពោលគឺក្រោយជនរងគ្រោះសុំបង់លុយបង្គ្រប់ថ្លៃដី ដើម្បីទទួលដីយកទៅប្រើប្រាស់ បែរជាក្រុមហ៊ុនគ្មានដីដូចការសន្យា និងបង្ហាញលើក្រដាសប្រកាសលក់ឡើយ ពោលគឺគម្រោងដីឡូតិ៍ ឈ្មោះ ឌឺសាគូរ៉ា ផាក ឡេន គឺនៅជាវាលស្រែ មិនទាន់មានការចាក់ដី និងរៀបចំអ្វីទាំងអស់។

ដំណឹងអំពីការប្តឹងទាមទារលុយវិញរបស់អ្នកស្រី ឡុង សុភ័ក្រ្ត ត្រូវបានសារព័ត៌មានចេញផ្សាយព្រោងព្រាត រហូតលោកឧកញ៉ា នួន អក ពឹងមេធាវីសរសេរលិខិតព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មាន ដោយអះអាងថា ការផ្សាយទាំងនោះ ធ្វើឲ្យប៉ះពាល់កិត្តិយសលោកឧកញ៉ា។ ប៉ុន្តែផ្ទុយទៅវិញ អ្នកសារព័ត៌មានរឹតតែផ្សាយអំពីការគំរាមប្តឹងពីសំណាក់មេធាវី។ ដូច្នេះ ដើម្បីកែប្រែស្ថានភាពអាមាស លោកឧកញ៉ា នួន អក បានចេញមុខឡាយតាមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយនិយាយសុំទោសអ្នកសារព័ត៌មាន ដែលឃ្លីបវីដេអូឡាយនោះ ត្រូវបានលុបចោលវិញ ក្រោយពីផ្សាយបានមួយរយៈពេលខ្លី៕