(ភ្នំពេញ)៖នៅវិមានរដ្ឋសភា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោមអធិបតីភាពរបស់ លោក កែប ជុតិមា ប្រធានស្តីទីគណៈកម្មការទី៩នៃរដ្ឋសភានិងមានការអញ្ជើញចូលរួមពី ជាសមាជិក សមាជិកា នៃគណៈកម្មការជំនាញរបស់រដ្ឋសភាជាច្រើនរូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មុនស្នើដាក់បញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខនេះ។
លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំជ្រាប អំពីខ្លឹមសារនិងអត្ថប្រយោជន៍ សំខាន់ៗ ដែលកម្ពុជាអាចទទួលបាន នៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន ដែលរួមមាន៖
– បង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារដែលចរាចរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប
– កំណត់លក្ខខណ្ឌតម្រូវជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
– ជម្រុញឱ្យមានការអនុវត្តនូវវិធានការអនាម័យនិងភូតគាមអនាម័យ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ស្របតាមលក្ខខណ្ឌតម្រូវនៃពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ដែលជាវិធានការប្រកបដោយប្រសិទ្ធភាព សម្រាប់កម្ពុជារៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួន ដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យ ដើម្បីទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា អំពីលក្ខណៈពិសេសនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ រួមមានជាអាទិ៍៖
– សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាព នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម
– សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច
– សេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីកំណត់ជាបទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក។
លោកប្រធានស្តីទីនៃគណៈកម្មការ អនុប្រធាន និងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃគណៈកម្មការជំនាញរបស់រដ្ឋសភាបានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ដែលដឹកនាំដោយ លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក្នុងការខិតខំប្រឹងប្រែងលើការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះប្រកបដោយជោគជ័យ៕