អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានពីការជិតកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយពេលដែលរុស្ស៊ី រារាំងការចាកចេញគ្រាប់ធុញ្ញជាតិទម្ងន់ ៤.៥លានតោន ពីកំពង់ផែក្នុងសមុទ្រខ្មៅ ហើយនិងបានវាយប្រហារមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិសំខាន់ ។
ទាហានរុស្ស៊ីបានលួចរថយន្តដឹកកសិកម្មតម្លៃ ៤លានផោនផងដែរនិងបានដឹក ជញ្ជួនរថយន្តទាំងអស់នេះ ទៅកាន់ទីក្រុង Chechnya ។
កងទ័ពរុស្ស៊ី បានទម្លាក់គ្រាប់បែកមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិមួយកន្លែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយនិងបានរឹតបន្តឹងការបិទខ្ទប់របស់ពួកគេនៅកំពង់ផែសមុទ្រខ្មៅ ធ្វើឲ្យមានក្តីកង្វល់ពីវិបត្តិស្បៀងអាហារពិភពលោកថ្មី ។
យោងតាមការអះអាងរបស់ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោក Martin Frickបានឲ្យដឹងថាគ្រាប់ធុញ្ញជាតិប្រហែល ៤.៥លានតោន កំពុងស្ថិតនៅតាមកំពង់ផែអ៊ុយក្រែនដែលត្រូវបានគេកាន់កាប់ និងបិទជិតគ្រប់ច្រក ។
លោក Frickបាននិយាយថា គ្មានគ្រាប់ធុញ្ញជាតិណាមួយអាចប្រើប្រាស់បាននៅពេលនេះនោះទេ ។ វាកំពុងស្ថិតនៅទីនោះ ។
លោក Zelenskyបានធ្វើការព្រមានផងដែរថាការបិទជិតគ្រប់ច្រករបស់រុស្ស៊ីនឹងបង្អត់អាហាររាប់សិបប្រទេសដែលត្រូវការចាំបាច់ការផ្គត់ផ្គង់ស្បៀងអាហារ ។
ការបិទខ្ទប់នេះដែរបានកើតមានឡើងបន្ទាប់ពីលេចឮព័ត៌មានថា កងកម្លាំងរបស់លោក Vladimir Putin លួចត្រាក់ទ័រអ៊ុយក្រែនតម្លៃ ៤លានផោន រួចដឹកជញ្ជូនចម្ងាយ ៧០០ម៉ៃល៍ទៅកាន់ទីក្រុង Chechnya មុនពេលចាក់សោរវាទុក ។
វីដេអូដ៏គួរផ្ញាក់ផ្អើលនៃការវាយប្រហារមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិនៅសង្កាត់ Synelnykove ស្ថិតក្នុងតំបន់ភាគអាគ្នេយ៍ Dnipropetrovsk បានបញ្ចេញនៅព្រឹកថ្ងៃនេះ ។
លោក Zelenskyនិយាយថា ពួកគេមានគោលដៅមកលើឃ្លាំងស្តុកសហគ្រាសកសិកម្ម ។ ឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិ ត្រូវបានបំផ្លាញ ។ ឃ្លាំងស្តុកជី ក៏ត្រូវបានបំផ្លាញដូចគ្នា ។
ប្រធានាធិបតីរូបនេះ បានជំរុញដល់ក្រុមមេដឹកនាំពិភពលោក ឲ្យត្រៀមខ្លួនប្រឈមនឹងវិបត្តិស្បៀងអាហារថ្មី បង្កឡើងដោយសារការបិទគ្រប់ច្រករបស់រុស្ស៊ីមកលើអ៊ុយក្រែន ។
រុស្ស៊ី មិនអនុញ្ញាតឲ្យនាវាចេញ-ចូលកំពង់ផែដែលពួកគេគ្រប់គ្រងក្នុងសមុទ្រខ្មៅនោះទេ ។ រុស្ស៊ី ចង់បិទសេដ្ឋកិច្ចប្រទេសពួកយើងទាំងស្រុងតែម្តង ៕