ឥភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋ អាមេរិកដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២បានអោយដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។
កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។
ថ្នាក់ដឹកនាំអាស៊ាននិងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើនរួមមានការឆ្លើយតបនឹងជំងឺកូវីដ-១៩សន្តិសុខ សុខភាពសកលការផ្លាស់ប្តូរបញ្ហាអាកាសធាតុការអភិវឌ្ឍប្រកបដោយចីរភាពកិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។
លើសពីនេះនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិ សាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិក។
បន្ថែមពីនេះ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិកដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕