ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹកបានក៏ដោយ។ ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូន ដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែង គឺមរណៈភាពបងប្រុសខ្ញុំ ដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។
សម្តេចបន្តទៀតថា «ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការ ដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។
«ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗ និងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗ ដែលហៅខ្ញុំថាពុក ចៅៗ ដែលហៅខ្ញុំថាតា មានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។
«ភារកិច្ចប្រទេសជាតិតម្រូវឲ្យខ្ញុំចាកចេញដោយខានមិនបាននោះ គឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិក នៅវ៉ាស៊ីនតោន។
«កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ាន ដែលត្រូវមានមុខគ្រប់អង្គប្រជុំ ដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។
«ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។ ដោយមិនអស់អាល័យនិងនឹកដល់បងប្រុស ខ្ញុំបញ្ជាអោយអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំជាការគោរពលាទាំងអាល័យ។
«ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក»៕