សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ដោយសារតែការកើនឡើងនៃរោងចក្រនៅកម្ពុជា បានធ្វើឲ្យចំនួនទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារបានមកពីវិស័យកាត់ដេរបញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
សម្តេចតេជោបានថ្លែងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា វិស័យកាត់ដេរមានការកើនឡើងឥតឈប់ឈរ ដោយសារតែអ្នកវិនិយោគបរទេសជាច្រើនបានមកវិនិយោគ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើ និងប្រាក់ខែសមរម្យផងដែរ។
សម្ដេចបន្ថែមទៀតថា គ្រួសារដែលមានកូនៗ ធ្វើជាកម្មកររោងចក្រ និងបានធ្វើការនៅក្រៅប្រទេសក្ដី នាពេលបច្ចុប្បន្ននេះ ស្ថានភាពគ្រួសារធូរស្រាលច្រើនជាងពេលមុនៗ ព្រោះមានការសាងសង់ផ្ទះថ្មីៗជាច្រើន ដោយសារតែមានប្រាក់ចំណូលបានគួបផ្សំគ្នាម្ខាងបានមកពីឪពុកម្ដាយធ្វើកសិកម្មឬបានប្រកបរបរផ្សេងៗជាដើម។
សម្តេចតេជោបានបន្ថែមថា ចាប់ពីឆ្នាំ១៩៩៧ មានរោងចក្រ៦៧ កម្មករជាង៨ ម៉ឺននាក់ និងមានប្រាក់ខែគោលជាង៤០ ដុល្លារប៉ុណ្ណោះនោះ រហូតមកដល់ឆ្នាំ២០១៨នេះ ប្រាក់ខែកម្មករមានចំនួន១៧០ ដុល្លារ ដែលមានការខុសគ្នាយ៉ាងច្រើន។
យោងតាម រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យដឹងថា តាមរយៈការរីកចម្រើនវិស័យឧស្សាហកម្មកាន់ជនបទនេះ មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានសហគ្រាស គ្រឹះស្ថានចំនួន១៥២ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងនោះ រោងចក្រកាត់ដែរសម្លៀកបំពាក់ និងផលិតស្បែកជើងមាន១៨ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ៩៤លានដុល្លារ ក្នុង១ឆ្នាំ។
ការអភិវឌ្ឍនៅតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការពង្រាយរោងចក្រនៅតាមមូលដ្ឋានរបស់ប្រជាជន ការបង្កើតការងារជូនកម្មករ និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយស្តីពីមុខរបរ និងការងារ ជាដើម។
តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាខេត្តដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដូចបណ្តាខេត្តនានា៕