ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្រ្តី៖ ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២នេះ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវដោយមិនខ្លាចនឿយហត់មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅតែពីក្រុមគ្រូពេទ្យសម្តេចតេជោហើយនោះ សម្តេចតេជោក៏នឹងមានគម្រោងជួបជាមួយក្រុមគ្រូពេទ្យដទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសឱ្យសម្តេចបានថ្លែងអំណរគុណ ចំពោះការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងងាយនោះទេ ជាពិសេសក្នុងការប្រមូលមនុស្សមកចូលរួមលើសមរភូមិនៃសត្រូវឥតស្រមោលនេះ តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជនបានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងជាច្រើន បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធជំងឺកូវីដ-១៩នេះ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ វាមិនមែនជារឿងចៃដន្យនោះទេ។ ដូច្នោះសូនមអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរផងដែរគុណដល់ឪពុកម្តាយ ស្វាមី និងភរិយា ដែលបានអនុញ្ញាតឱ្យកូន ភរិយា និងស្វាមី បានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។បញ្ហានេះជំងឺកូវីដ-១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បានកែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដែលកន្លងមកចោទថាក្រុមគ្រូពេទ្យកម្ពុជាល្អតែ១០%ប៉ុណ្ណោះ តែពេលនេះ ប្រជាពលរដ្ឋបានចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ដ៏អង់អាចក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបណ្តុះបណ្តាលវិស័យសុខាភិបាលពិតជាមានការពិបាក និងមិនអាចធ្វើដូចវិស័យអប់រំ ដែលយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកអត់ចេះសោះនោះទេ តែវិស័យសុខាភិបាលមិនអាចធ្វើដូចច្នេះបានឡើយ។
សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាមិនអាចលុបការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលធ្វើដំណើរមកចូលប្រទេសកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងនោះឡើយ។បើសិនជាមានការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ពីក្រៅប្រទេស គឺវាប្រៀបដូចលើកទឹកចិត្តសម្រាប់មនុស្សដែលមិនបានចាក់វ៉ាក់សាំង។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មីដល់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ-១៩ទាំងអស់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុជាតិមាតុភូមិមួយនេះទេ។
មុននឹងបញ្ចប់ សម្ដេចតេជោក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់មន្ត្រីជួរមុខ និងក្រុមគ្រូពេទ្យបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិយាកាសរីករាយបំផុត៕