ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) ដឹកនាំដោយឯកឧត្តម Andres Pastrana ។
ក្នុងជំនួបនេះ លោកAndres Pastrana និងក្រុមប្រតិភូសូមគោរពសំដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ គឺសម្ដេចទេពញ្ញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោលពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។ លោកបានបន្ថែមថា នេះជាលើកទី៣ ហើយ ដែលលោកបានមកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០១៧លើកទី២ឆ្នាំ២០១៨និងលើកទី៣គឺនៅឆ្នាំ២០២២ នេះ។
លោកបានជូនពរអោយដំណើរការបោះឆ្នោត ឃុំសង្កាត់នៅថ្ងៃស្អែកនេះបានដំណើរការដោយរលូន និងប្រកបដោយភាពជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Andres Pastrana និងគណៈប្រតិភូទាំងអស់របស់ CDI ចំពោះការចូលរួមរំលែកទុក្ខដល់សម្ដេច ដែលបានបាត់បង់បងប្រុសរបស់សម្ដេចកាលពីពេលថ្មីៗនេះ។
សម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានប្រតិភូ ដែលបានសម្ដែងនូវការអបអរសាទរចំពោះការចាត់វិធានការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានយកជោគជ័យរបស់ប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រផ្ការីកដែលសម្ដេចបានដាក់ចេញ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈ វិធានធានការប្រយុទ្ធប្រឆាំងកូវីដ-១៩បានជោគជ័យនេះហើយ ទើបធ្វើអោយកម្ពុជាអាចរៀបចំដំណើរការបោះឆ្នោត ឃុំ សង្កាត់ បាននាពេលនេះ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ថ្ងៃនេះ រយៈពេលជាង ២០ថ្ងៃហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ- ១៩ឆ្លងថ្មីនោះទេ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក Andres Pastrana ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃស្អែកនេះ៕