ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.និងវិទ្យាស្ថានមេគង្គ(MI)សហការរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារ ស្របពេលដែលច្បាប់សុវត្ថិភាពម្អូបអាហារទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់

ភ្នំពេញ:អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មនិងវិទ្យាស្ថានមេគង្គ(M I)បានសហការរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារក្រោមប្រធានបទ “ការនាំយកកសិ-ម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារពិភពលោក” គាំទ្រដោយគម្រោង PROSAFEដែលផ្តល់មូលនិធិដោយកម្មវិធីជំនួយប្រទេសណូវែលហ្សេឡង់​ (NZAP)។
កម្មវិធីនេះមានវត្តមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោកស្រី Maria Theresa S.Medialdia ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងពាណិជ្ជកម្មនៃវិទ្យាស្ថានមេគង្គ អគ្គនាយកដ្ឋាន ក.ប.ប.ក្រសួងស្ថាប័នពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិនិងភាគីពាក់ព័ន្ធជាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារសរុបប្រហែល៤០នាក់នៅសណ្ឋាគារហៃយ៉ាត រីជេនស៊ី ភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក ផាន អូន បានមានប្រសាសន៍ថាប្រធានបទសុវត្ថិភាពចំណីអាហារគឺជាការទទួលខុសត្រូវពហុវិស័យដែលក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមចំណែកក្នុងការទទួលខុសត្រូវលើវិស័យបញ្ហាសុវត្ថិភាពម្ហូបអាហារក៏ដូចជាប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់ផងដែរ។
បញ្ហាសុវត្ថិភាពម្ហូបអាហារនេះបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញ ក៏ដូចជាប៉ះពាល់ដល់វិស័យទេសចរណ៍អ្នកគ្រប់គ្រងចំណីអាហារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
រាជរដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវពាក់ព័ន្ធនឹងគុណភាពទំនិញ និងសេវាកម្មដែលផលិតនិងប្រើប្រាស់ដោយប្រជាពលរដ្ឋលើផ្នែកសុខភាព សុវត្ថិភាពការក្លែងបន្លំ និងបរិស្ថាន។
ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២២មានចំនួន១១ជំពូកនិង៤៣មាត្រា ដែលមានគោលបំណងកំណត់អំពីក្របខ័ណ្ឌនិងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យនិងភាពស្របច្បាប់នៃម្ហូបអាហារក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការពារសុខភាពនិងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់និងធានាឱ្យមានការធ្វើពាណិជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។
ក្រសួងពាណិជ្ជកម្មតាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការនឹងធ្វេីការផ្សព្វផ្សាយច្បាប់នេះជូនប្រតិបត្តិករអាជីវកម្ម និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ឱ្យបានយល់ដឹងពីខ្លឹមសារច្បាប់ខាងលើ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅប្រទេសកម្ពុជា។
វេទិកាថ្ងៃនេះ មានគោលបំណងដើម្បីចែករំលែកនូវបច្ចុប្បន្នភាពនៃវិស័យកសិ-ម្ហូបអាហាររួមទាំងផែនការយុទ្ធសាស្ត្ររបស់វិស័យសាធារណៈលើការពង្រីកការនាំចេញផ្នែកកសិ-ម្ហូបអាហារទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយក៏ដូចជាការធ្វើបច្ចុប្បន្នភាពសំខាន់ ៗលើវិធានការមិនមែនពន្ធគយ(NTMs)និងតម្រូវការអនុលោមភាពហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយព្រមទាំងដើម្បីកំណត់អត្តសញ្ញា ណសំខាន់ៗដែលជាតម្រូវការក្នុងចំណោមកសិ- ម្អូបអាហារ របស់ សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យឯកជនដើម្បីពង្រីកសក្តានុ ពលនាំចេញកសិ-ម្ហូបអាហាររបស់ពួកគេ។