ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួននិងកិច្ចការហាឡាលកម្ពុជា

(សៀមរាប)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជាក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលខ្មែរ និងផលិតផលផ្លែឈើលើកទី១៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២នាក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះដែរ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាលបានចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥។
ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ក្រោមអធិប តីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀម រាប ព្រមទាំងមានការចូលរួមពី លោកលោកឧកញ៉ាលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុបប្រមាណ ៣០០ នាក់។

ការតាំងបង្ហាញខាងលើ អគ្គនាយកដ្ឋាន ក.ប.ប. បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅនឹងច្បាប់ដែលបានផ្តល់អាណត្តិឱ្យអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជ កម្មរួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវាច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីមានបទល្មើសកើតឡើង។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាននាយកដ្ឋានកិច្ចការហាឡាលជាសេនាធិការក៏បានតាំងបង្ហាញសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ. ត.ផ.ហ.ក.»និងឯកសារពាក់ព័ន្ធនឹងកិច្ចការហាឡាលរួមទាំងមានការដាក់តាំងផលិតផលហាឡាលដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា។
ក្នុងគោល បំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេក ទេសស្តង់ដារហាឡាលកម្ពុជាស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិត ផលហាឡាលរបស់កម្ពុជា ជាពិសេស ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។