សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នេះ ក្នុងពិធីសម្ពោធបើកអោយដំណើរការជាផ្លូវការនូវ “សារមន្ទីរព្រះស្រីឦសានវរ្ម័ន” ដែលជាសារមន្ទីរជាតិ បង្ហាញអំពីប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរយើង តាំងពីសម័យកាលហ្វូណនមកម្ល៉េះ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេច គឺកម្ពុជាបានពង្រឹងកំណើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់ជាង ៧% ដែលពេលនេះ កម្ពុជាមានសមត្ថភាព និងលទ្ធភាពដកដង្ហើមរស់ដោយខ្លួនឯង ដោយឯករាជ្យ មិនស្ថិតក្រោមគំនាប និងទារុណកម្មសេដ្ឋកិច្ចបរទេសណាទេ។
សូមរម្លឹកថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនេះ ជាសារមន្ទីរ នាំឱ្យពលរដ្ឋខ្មែរ បានស្គាល់ពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្មែរ ហើយអគារសារមន្ទីរជាអគារ ដែលស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំង ដូចជា ស្ថានីយរថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធា ជាដើម៕