ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

លោក ជា ចាន់តូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៥ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។

កិច្ចប្រជុំជាន់ខ្ពស់កម្រិតតំបន់នៃ វិស័យហិរញ្ញវត្ថុនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ស្របតាមគោលដៅនៃផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

ធនាគារជាតិនៃកម្ពុជា បានដើរតួនាទីគន្លឹះមួយ ក្នុងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន បានចូលរួមពង្រឹងសមាហរណកម្មវិស័យធនាគារ និងការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់។ វិស័យធនាគារកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈបើកទូលាយ ហើយមានសមាហរណកម្មខ្ពស់ទៅក្នុងតំបន់ ដោយបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកពីប្រទេស ក្នុងតំបន់ភាគច្រើនមានវត្តមាននៅកម្ពុជា។

បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈបច្ចេកវិទ្យាទំនើបរួមមាន៖ ប្រព័ន្ធ QR Code ជាមួយប្រទេសក្នុងតំបន់ដូចជាប្រទេសថៃជាដើម។ ការទូទាត់តាមប្រព័ន្ធ QR Code នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពទូទាត់ ឱ្យមានសុវត្ថិភាព និងចំណាយទាបសមរម្យ។

ឆ្នាំ២០១៩នេះ ថៃបានជ្រើសរើសប្រធានបទសំខាន់ស្តីពី ការជំរុញភាពជាដៃគូសម្រាប់ចីរភាព (Advancing Partnership for Sustainability) ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ ទៅលើការតភ្ជាប់ចីរភាព និងភាពធន់ដែលជាកត្តាចម្បង សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ។

អង្គប្រជុំបានអបអរសាទរចំពោះវឌ្ឍនភាព ក្នុងការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ចាប់តាំងពីកិច្ចប្រជុំប្រចាំឆ្នាំកាលពីឆ្នាំមុន នៅប្រទេសសិង្ហបុរី ពិសេសលើការបង្កើនសេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ, ការសម្រួលការវិនិយោគ និងពាណិជ្ជកម្ម, ការតភ្ជាប់សេវា, ការទូទាត់ និងហិរញ្ញប្បទាន, ការផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ហិរញ្ញវត្ថុជាមួយការការពារបរិស្ថាន, ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការផ្តល់ហិរញ្ញប្បទានគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយ, ការពង្រឹងភាពធន់ទៅនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការគ្រប់គ្រងទ្រព្យសកម្មឌីជីថល៕