បាត់ដំបង៖ លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់ជាបន្ទាន់រាល់ការរំលោភបំពានគ្រប់រូបភាព ពីសំណាក់ជនខិលខូច មកលើដីស្របច្បាប់របស់ក្រុមហ៊ុន ដែលមានបំណងវិនិយោគផ្នែកវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ប
លោកណ្ឌិតបានសំណូមពរដូច្នេះ នាជំនួបជាមួយលោក ឃៀង រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ នៅសាលាស្រុកគាស់ក្រឡ និងក្នុងនាមលោកបណ្ឌិតជាតំណាងឲ្យក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd) ដែលបានទិញដីជាង៤ ០០០ហិកតា សម្រាប់វិនិយោគស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឌខែ្មរ និងកាត់បន្ថយភាពក្រីក្រ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ក្នុងជំនួបជាមួយលោកអភិបាលរងស្រុកគាស់ក្រឡ នាពេលនេះ លោកបណ្ឌិត ម៉ង សុភណ្ឌ័ តំណាងឲ្យក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន និងវិធីដោះស្រាយបញ្ហានៅលើដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលបានទិញពីប្រជាពលរដ្ឋយ៉ាងត្រឹមត្រូវ ដោយអនវុត្តតាមគោលនយោបាយឈ្នះៗរបស់ប្រមុខរាជរដ្ឌាភិបាល ដើម្បីមិនឲ្យមានភាគីណាមួយខាងបង់ផលប្រយោជន៍ឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ភាគីនៅក្នុងវិវាទនឹងទទួលបានផលប្រយោជន៍យូរអង្វែងពីការដាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធប់ពីវិស័យឯកជន ដែលអាចជួយលើកតម្កើងកិត្យានុភាពជាតិ និងកែប្រែជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពីមួយថ្ងៃទៅមួយថ្ងៃបង្កើនបានទិន្នផលកសិកម្មកាន់តែខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។
ចំណែកលោក ឃៀង រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ បានសន្យាយ៉ាងច្បាស់លាស់ក្នុងការទប់ស្កាត់សកម្មភាពរំលោភបំពានមកលើដីរបស់ក្រុមហ៊ុនទំហំដ៤ ១៦០ហិកតា ដែលក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល បានទិញជាង១០ឆ្នាំកន្លងមកហើយ សម្រាប់វិនិយោគផ្នែកវិស័យកសិកម្ម នៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នាពេលថ្មីៗកន្លងមកនេះ មានសេចក្តីរាយការណ៍ជាច្រើន បានលើកឡើងថា អាជ្ញាធរឃុំផ្សេង គឺឃុំដូនបា បានឆ្លៀតឱកាសប្រើរូបភាពទទួលស្គាល់ការលក់-ទិញ នៅលើដីរបស់ក្រុមហ៊ុន ដែលដីនេះមិនមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ខណៈអាជ្ញាធរឃុំពិតប្រាកដ គឺឃុំឆ្នាល់មាន់ តែងតែបដិសេធមិនទទួលស្គាល់ការលក់-ទិញ ដូចខាងលើនេះឡើយ។
ឆ្លើយតបនឹងសេចក្តីរាយការណ៍បែបនេះ លោកអភិបាលរងស្រុកគាស់ក្រឡ បានអះអាងថា លោកហាមដាច់ខាតមិនឲ្យលោកមេឃុំឆ្នាល់មាន់ និងឃុំដូនបា ចុះហត្ថលេខា ឬប្រថាប់ត្រាលើឯកសារលក់-ទិញទៀតឡើយ ដោយគិតចាប់ពីថ្ងៃនេះតទៅ។
ចំណែកភាគីខាងក្រុមហ៊ុន តំណាងដោយលោកបណ្ឌិត ម៉េង សុភណ្ឌ័ ដែលមានបទពិសោធន៍ច្រើន និងជោគជ័យរួចមកហើយ ក្នុងការដោះស្រាយវិវាទដីធ្លី នាពេលកន្លងមក ដែលស្របតាមគោលនយោបាយឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចជាករណីនៅខេត្តបន្ទាយមានជ័យ មណ្ឌលគិរី និងខេត្តក្រុងព្រះសីហនុ។
តាមរយៈជំនួបនេះ លោកបណ្ឌិតបានទទូចស្នើសុំឲ្យមានការដោះស្រាយមួយជាបន្ទាន់ ដែលភាគីសងខាងអាចទទួលយកបានទាំងអស់គ្នា ព្រោះដីក្រុមហ៊ុនមានឯកសារបញ្ជាក់ពីកម្មសិទ្ធិយ៉ាងត្រឹមត្រូវ និងសុច្ចរិតភាពនៃការទិញបានដីខាងលើនេះ ដែលមិនមែនជាដីសម្បទានសេដ្ឋកិច្ចទេ។
ចុងបញ្ចប់នៃជំនួបនេះ លោកបណ្ឌិត ម៉េង សុភណ្ឌ័ តំណាងឲ្យក្រុមការងាររបស់ក្រុមហ៊ុន មានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ក្នុងការដោះស្រាយបញ្ហាមួយនេះ ប្រកបដោយតម្លាភាព ស្របតាមគោលនយោយរបស់ថ្នាក់ដឹកនាំ ដើម្បីជាប្រយោជន៍រួមដ៌ធំមួយជូនជាតិ។
ចំពោះករណីរំលោភលើដីរបស់ក្រុមហ៊ុនឯកជននេះ មានសេចក្តីរាយការណ៍ថា លោកមេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាពេលថ្មីៗនេះ បានយកលេសធ្វើផ្លូវលំមួយខ្សែ តាមគម្រោងអភិវឌ្ឍក្នុងឃុំ ដោយចាប់ផ្តើមឈួសឆាយកាត់លើដីរបស់ឯកជន បំពានដីកាហាមឃាត់របស់តុលាការ។
ទង្វើបំពានអំណាចតុលាការនេះ បានកើតឡើងតាមរយៈសកម្មភាពរបស់លោកមេឃុំដូនបា ឈ្មោះ ចិន សំអន បញ្ជាឲ្យឈ្មោះ ម៉ម សង ជាមេភូមិគោករកា ប្រើគ្រឿងចក្រឈួសឆាយ លើដីស្របច្បាប់របស់ក្រុមហ៊ុន ដោយមិនមានការស្នើសុំ ឬឯកភាពពីម្ចាស់ដីឡើយ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានចាត់ទុកថា ជាការអាងអំណាចហួសហេតុ ក្នុងនាមជាមេឃុំ ដោយប្រើគ្រឿងចក្រពីរគ្រឿង មានដូចជាអេស្កាវ៉ាទ័រកាយដីពីរគ្រឿង រ៉េវ៉ាលើកៀរផ្លូវមួយគ្រឿង និងរ៉ូឡូកិនដីមួយគ្រឿង កំពុងតែធ្វើសកម្មភាពយ៉ាងតក់ក្រហល់។
ទង្វើឈួសឆាយធ្វើផ្លូវលើដីអ្នកដទៃ ដោយបំពានអំណាចដីការបស់តុលាការនេះ គឺស្ថិតនៅចំណុចទីតាំងដីមួយកន្លែង នៅប៉ែកខាងជើងភ្នំតូចភ្នំធំ ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមិនមែនជាដែនដីក្នុងសមត្ថកិច្ចរបស់លោក ចិន សំអន។
ទាក់ទងនឹងទង្វើបំពានអំណាចដីកាតុលាការនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ដដែលនេះ លោក ចិន សំអន បានឆ្លើយបដិសេធថា លោកមិនបានដឹងអំពីដី ដែលលោកកំពុងប្រើគ្រឿងចក្រឈួសឆាយធ្វើផ្លូវនេះ គឺជាកម្មសិទ្ធិរបស់អ្នកដទៃឡើយ ហើយលោកក៏មិនបានប្រាប់ ឬស្នើសុំការយល់ព្រមពីម្ចាស់ដីនោះដែរ។
ចំណែកលោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ សារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទហៅចូលបួនទៅប្រាំដង ប៉ុន្តែគ្មានអ្នកទទួលឡើយ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
សូមរំឭកថា នាពេលកន្លងមក លោក យិន ម៉េងលី អ្នកអអង្កេតនៅសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោក ចិន សំអន មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបង្កបញ្ហារច្របូកច្របល់ក្នុងរឿងវិវាទដីធ្លី ក្នុងឃុំរបស់លោកដោយមិនចេះចប់មិនហើយ។
យោងតាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា ក្នុងទង្វើបង្កបញ្ហាក្នុងមូលដ្ឋាននេះ កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៨ លោក ចិន សំអន មេឃុំដូនបា ស្រុកគាស់ក្រឡ បានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានធ្វើលិខិតសុំអភ័យទោសពីលោកអភិបាលខេត្តបាត់ដំបងម្តងរួចមកហើយ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ លោកមេឃុំនៅតែប្រព្រឹត្តដដែល៕