(រាជធានីភ្នំពេញ)៖លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទលើកទី៣«ស្តីពីការការពារអ្នកប្រើប្រាស់អាស៊ាន“The 3rd ASEAN Consumer Protection Confer ence (ACPC)”» ដែលរៀបចំដោយរៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងមានប្រទេសហ្វីលីពីនជាប្រធាន តាមរយៈប្រព័ន្ធអនឡាញ (Video Conference)។
សន្និសីទស្តីពីការការពារអ្នកប្រើប្រាស់អាស៊ាន(ACPC)គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់គណៈកម្មាធិការអាស៊ានស្តីពីការការពារអ្នកប្រើប្រាស់ (ACCP)ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធិផលរបស់ប្រទេសសមាជិកអាស៊ានក្នុងវិស័យគោលនយោបាយការពារអ្នកប្រើប្រាស់។
សន្និសីទនេះជាវេទិកាមួយដែលផ្សារភ្ជាប់អ្នករៀបចំគោលនយោបា យនិយ័តករ បណ្ឌិតសភា សង្គមស៊ីវិលសមាគមអ្នកប្រើប្រាស់ និងវិស័យឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងវិស័យការពារអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប.ក្នុងនាមជាទីភ្នាក់ងារការពារអ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ជាវាគ្មិនក៏បានចូលរួមធ្វើបទបង្ហាញនៅក្នុងប្រធានបទទី១«ការកំណត់មូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរបែបឌីជីថលប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន» “Laying the Foundation for Inclusive Digital Transformation in ASEAN”។
ដែលក្នុងនោះ លោកប្រតិភូបានធ្វើបង្ហាញអំពីបទពិសោធន៍និងការអនុវត្តន៍ល្អៗរបស់ប្រទេសកម្ពុជាពាក់ព័ន្ធប្រធានបទខាងលើរួមទាំងបង្ហាញអំពីការរួមចំណែកដ៏សំខាន់របស់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
សម្រាប់ឆ្នាំនេះសន្និសីទលើកទី៣ស្តីពីការការពារអ្នកប្រើប្រាស់អា ស៊ាន បានសម្រេចអនុម័តលើប្រធានបទ៖«ការកសាងទីផ្សារដែលស្មើភាព និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន “Building a Fair and Future-Ready Marketplace for Consumers in ASEAN”»។
ជាមួយគ្នានេះដែរសន្និសីទនេះក៏បានពិភាក្សាដោះស្រាយបញ្ហាដែលកំពុងកើតឡើងជាពិសេសនៅក្នុងបរិបទនៃការកើនឡើងនៃពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងពាណិជ្ជកម្មឆ្លងព្រំដែន (Cross-border trade)តាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងការអនុវត្តល្អៗ ក្នុងគោលបំណងឆ្ពោះទៅរកការបង្រួបបង្រួមនិងភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។
សន្និសីទនេះ មានការអញ្ជើញចូលរួមពីសំណាក់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលជាសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន (ACCP) លេខាធិការអាស៊ាននាយកដ្ឋានការពារអ្នកប្រើប្រាស់ និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.។