នេះ ជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើមី្បរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ម៉្យាងទៀតផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានស្វែងយល់ អំពីភាពរុងរឿង និងលី្បល្បាញ នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន ដែលបានបន្តថែរក្សាកេរ្តិ៍មរតកឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។
ព្រឹត្តិការណ៍នេះរៀបចំតាំងបង្ហាញអំពីការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញពីកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង។ ក្រៅពីតំបន់ទាំងនេះ បងប្អូអាចចូលរួមលេងកម្សាន្តសប្បាយ និង ទស្សនានូវការសម្តែងផ្ទាំងទស្សនីភាព សិល្បះរបាំបុរាណខ្មែរ និង ល្បែងប្រជាប្រិយ៍ផងដែរ។
ទន្ទឹមនឹងនេះ ក៏មានការសាងសង់ លំនៅដ្ឋានតាមបែបពីបុរាណកាល ដេីម្បីបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រជាជនខ្មែរនាសម័យអង្គរ ។ ម៉្យាងទៀត ខេត្តក៏បានរៀបចំសោភណ្ឌភាពក្នុងក្រុង ដេីម្បីធ្វើការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅក្នុងខេត្តសៀមរាប ។
រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមបានច្រេីនកុះករ ដេីម្បីឱ្យព្រឹត្តិការណ៍នេះមានភាពអធិបអធម ហេីយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម គោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ នៅជុំវិញទីកន្លែងប្រារព្ធពិធី ៕