ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ​​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ

នាយកដ្ឋាន​ជីវៈចម្រុះ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​អភិវឌ្ឍដោយចីរភាព​ (ក.ជ.អ.ច.)នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៩​ បាន​រៀបចំ​កិច្ចប្រជុំ​ជា​មួយ​ស្ថាប័ន និង​អង្គការ​ដៃគូ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការងារ​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ នៅ​បន្ទប់​ប្រជុំ​ទុង ទីស្ដីការ​ក្រសួង​បរិស្ថាន​។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​ដៃគូ​អនុវត្ត​គម្រោង​កាំប៉ាស់ រួមមាន​តំណាង​នាយកដ្ឋាន​ជីវៈចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. តំណាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន តំណាង​រដ្ឋបាល​ជលផល តំណាង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី មន្ទីរ​បរិស្ថាន​ខេត្ត​ មន្ទីរ​កិច្ចការ​នារី​ខេត្តមណ្ឌលគិរី​ និង​តំណាង​អង្គការ​ដៃគូ រួមមាន៖ អង្គការ WWF, WCS, BirdLife, ERECON និង អង្គការ Live and Learn Cambodia សរុប​ចំនួន​២៦​នាក់។

តាមរយៈ​កិច្ចប្រជុំ​នេះ ដៃគូ​អនុវត្ត​ទាំង​អស់​បាន​ធ្វើ​បទ​បង្ហាញ​ពី​ផែនការ​សកម្មភាព​អនុវត្ត​ លទ្ធផល​សំខាន់​ៗ​ដែល​សម្រេច​បាន និង​បញ្ហា​ប្រឈម​នានា​ដែល​ជួប​ប្រទះ​ និង​បាន​ពិភាក្សា​ពី​យន្តការ​អនុវត្ត​រួម​គ្នា​រវាង​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អង្គការ​ដៃគូ ដើម្បី​សម្រេច​សមិទ្ធផល​​រំពឹង​ទុក​គម្រោង និង​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​៕