ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ខេត្ត

(ប៉ៃលិន)៖លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅ​ព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ទាំង ៤ ខេត្ត រួមមាន៖ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។
ពិធីនេះមានការចូលរួមពីប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកប្រធានមន្ទីរពាណិជ្ជកម្មបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី ភី ខេមបូឌាចំកាត់ តំណាងក្រុមហ៊ុនឆាយណា ជិនវ័រយានអ៊ីមផតអិចផតតំណាងសៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្មជាច្រើនរូប។
នៅក្នុងឱកាសនោះ លោក​រដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិនដែលមានមន្ទីរពាណិជ្ជកម្មខេត្តជាសហការីបានខិតខំបំពេញការងារសម្របសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ពិសេសនៅក្នុងរដូវកាលប្រមូលផលរបស់កសិករនៅក្នុងតំបន់ តាមរ​យៈការសម្របសម្រួលការនាំចេញទៅកាន់ប្រទេសជិតខាង ជាពិសេសក្នុងការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនស៊ី ភី និងសៃឡូប្រមូលទិញកសិផល ពិសេស​ពោតក្រហម នៅខេត្តប៉ៃលិន។
លោក​រដ្ឋមន្រ្តី បន្តថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាកិច្ចចាប់ផ្តើមនៅក្នុងការចូលរួមចំណែកពង្រើកសកម្មភាពទិញលក់ផលិតផលពោតក្រហម ការជំរុញការវិនិយោគបន្ថែមទៀតទៅលើការកែច្នៃកសិផលពោតនៅក្នុងស្រុកក៏ដូចជាការបង្កើនតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃពោតក្រហម ស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃនៃថាមពល និងស្របពេលដែលដល់រដូវកាលប្រមូលផលពោតក្រហមរបស់កសិករនៅប្រទេសជិតខាងផងដែរ។
លោក​រដ្ឋមន្រ្តី បន្ថែមថា ក្រសួងពាណិជ្ជកម្មតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនវិសាលភាពនៃការផ្គត់ផ្គង់កសិផល និងការជំរុញវិស័យកែច្នៃកសិផល ពិសេសកសិផលឧស្សាហកម្ម ហើយការរួមចំណែករបស់វិស័យឯកជនក៏ជាកត្តារួមចំណែកដ៏ធំក្នុងការជួយពង្រីកនិងការជ្រៀតចូលទីផ្សារឱ្យបានកាន់តែទូលំទូលាយ តាមរយៈការអភិវឌ្ឍផលិតផលកសិផល ដែលអាចបញ្ជ្រាបផលិតផលកែច្នៃទាំងនោះចូលក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ផងដែរ។
លោក​រដ្ឋមន្រ្តី បញ្ជាក់ថា តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយសហគមន៍មៀនប៉ៃលិន នៅក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។
ចំពោះកសិផលពោតក្រហមវិញ បច្ចុប្បន្នមានសៃឡូចំនួន ១២ ទីតាំង នៅក្នុងខេត្តប៉ៃលិន កំពុងដំណើរការបញ្ជាទិញកសិផលពីកសិករ ដែលជាធម្មតាពោតស្នូលសំណើម៣០% តម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) និងពោតស្នូលសំណើម ២៩% គឺ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក)។
លោក​រដ្ឋមន្រ្តីបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពិធីចុះហត្ថលេខាលើអនុស្សរ​ណៈយោគយល់គ្នា គ្រប់ភាគីទាំងអស់នឹងសហការគ្នាឱ្យកាន់តែមានភាពជិតស្និត នៅក្នុងការជួយជំរុញដំណើរការសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន និងជួយផលិតកម្ម ដែលមានគោលដៅចុងក្រោយ គឺបង្កើនប្រាក់ចំណូលជូនកសិករដាំពោតក្រហមនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាកសិករទូទាំងប្រទេស៕