ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នេះថា ឱសថបុរាណចិន និងឱសថសម័យ ដែលរឹបអូសបានជាង ១ម៉ឺនគ្រាប់ គឺ ជាឱសថជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាល ឬថ្នាំសម្រើប ដែលមិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឲ្យនាំចូល ហួសកាលបរិច្ឆេទកំណត់ និងត្រូវបាន ហាមឃាត់ដោយច្បាប់។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បន្ថែមថា ម្ចាស់ទីតាំងឱសថចិនសែទាំង ៣ កន្លែងនោះ មិនត្រូវបានឃាត់ខ្លួនទេ តែត្រូវបានកម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកំណត់ស្ថានទោស។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ប៉ូលិសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ ផ្ទះលក់ឱសថបុរាណចិន ចំនួន ៣ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះសម្ថកិច្ចរកឃើញ ឱសថជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជិការ គ្មានលិខិតអនុញ្ញាតឲ្យនាំចូល ហួសកាលបរិច្ឆេទកំណត់ និងត្រូវបានហាមឃាត់ដោយច្បាប់ សរុបជាង ១ម៉ឺនគ្រាប់៕