ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ(វិថីសម្ដេចសង្ឃរាជទេពវង្ស)និងផ្លូវលេខ១៤៨សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៩,៨១%

ព្រះសីហនុ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពី​ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២​បាន​ដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងបាន​ អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ​១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរយ៉ាងណា។
ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេនេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា៖ ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេ​កទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។
ចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាផ្លូវនេះអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវដល់ការនាំទំនិញទៅលក់នៅបរទេស ហើយក្រសួងគ្រោងស្នើទៅអភិបាលក្រុងព្រះសីហនុដើម្បីពិនិត្យរួមគ្នាលើលទ្ធភាពនៃការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនលើផ្លូវលេខ៤ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ធ្វើផ្លូវឱ្យបានរឹង មាំតាមលក្ខណៈបច្ចេកទេសដែលបានឯកភាពគ្នា ដោយហេតុថាក្រសួងមានឧបករណ៍សម្ភារបច្ចេក ទេសទំនើបៗច្រើនដែលអាចយកមកត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវបាន និងបានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡា​នបរទេស ទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ឺងម៉ាត់មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ កម្ពុជាត្រូវការថវិកាច្រើនណាស់ក្នុងការកសាងប្រព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋ ក៏ដូចជាជូនអ្នកដឹកទំនិញ ផងដែរ។
ទេសរដ្ឋមន្ត្រី ក៏បានរម្លឹកម្តងហើយម្តងទៀតថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក​១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។ ប៉ុន្តែបើឡានខ្លះដឹកលើសទម្ងន់ ៣០ តោន យក៣០x៣០ស្មើនឹង​៩០០ យក៩០០x៣០ស្មើនឹង២៧.០០០ យក២៧.០០០x៣០ស្មើនឹង ៨១.០០០គ្រឿង ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោន ស្មើនឹងឡានជិត១លានគ្រឿងរត់នៅលើផ្លូវ យើង។
លោក​ទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ។ យើងត្រូវការការចូលរួមចំណែកពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ដើម្បីរួមគ្នាសម្រេចនូវគោលដៅនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ។
សូមជម្រាបជូនថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕